Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនស្តេចប្រេងអារ៉ាប៊ីសាអូឌីត Aramco រាយការណ៍ពីប្រាក់ចំណេញកប់ក្តោងរាប់រយពាន់លានដុល្លារក្នុងឆ្នាំ២០២២

Media LNN | Mar 13, 2023
ក្រុមហ៊ុនស្តេចប្រេងអារ៉ាប៊ីសាអូឌីត Aramco រាយការណ៍ពីប្រាក់ចំណេញកប់ក្តោងរាប់រយពាន់លានដុល្លារក្នុងឆ្នាំ២០២២
Clinic narith

 

ក្រុមហ៊ុនប្រេងយក្សរបស់អារ៉ាប៊ីសាអូឌីតហៅថា Aramco  កាលពីថ្ងៃអាទិត្យទី ១២ ខែមីនាកន្លងទៅនេះ បានរាយការណ៍ពីប្រាក់ចំណេញកប់ក្តោងក្នុងការបិទបញ្ជីប្រចាំឆ្នាំ២០២២ ដោយកើនឡើងជិត ៥០ភាគរយធៀបនឹងឆ្នាំទៅមុន២០២១។

ក្រុមហ៊ុនបានប្រកាសថា ខ្លួនបានទទួលប្រាក់ចំណេញរហូតទៅដល់ ១៦១.១ពាន់លានដុល្លារឯណោះ ដែលបានកើនឡើង ៤៦% ធៀបនឹងឆ្នាំទៅមុន២០២១ ដោយសារតម្លៃថាមពលខ្ពស់ ការកើនឡើងបរិមាណលក់ផលិតផលចម្រាញ់ក្នុងសម័យសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន។

បើតាមការវាស់ស្ទង់ និងចុះផ្សាយដោយភ្នាក់ងាររ៉យទ័របានឲ្យដឹងថា ប្រាក់ចំណេញនេះគឺច្រើនសម្បើមណាស់ ពោលគឺច្រើនជាងបីដងនៃប្រាក់ចំណេញរបស់ក្រមហ៊ុនប្រេងយក្សអាមេរិក Exxon និងក្រុមហ៊ុនដៃគូអន្តរជាតិផ្សេងៗទៀតដូចជា BP (BP.L), Shell (SHEL.L) និង Chevron (CVX.N) ដែលភាគច្រើនបានប្រកាសពីប្រាក់ចំណេញប្រហាក់ប្រហែលគ្នាត្រឹមតែ ៥៦ពាន់លានដុល្លារប៉ុណ្ណោះ។

អំណោយផលនៃប្រាក់ចំណេញនេះបានកើតឡើង នៅពេលតម្លៃប្រេងជាសកលបានហក់ឡើងយ៉ាងគំហុកនៅឆ្នាំ ២០២២ នៅពេលដែលមានការកើនឡើងលើការព្រួយបារម្ភអំពីភូមិសាស្ត្រនយោបាយចំពេលមានសង្រ្គាមនៅអ៊ុយក្រែន ការដាក់ទណ្ឌកម្មបិទការនាំចូលប្រេងរុស្ស៊ី ការធ្លាក់ចុះនៃតម្រូវនាំចូលពីមហាប្រទេសចិន ដែលជាប្រភពនាំចូលកំពូល និងការព្រួយបារម្ភនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ លោក Amin Nasser នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Aramco បានមានប្រសាសន៍ថា “បើទោះបីជាយើងរំពឹងថា ប្រេង និងឧស្ម័ននឹងនៅតែមានសារៈសំខាន់សម្រាប់អនាគតដ៏ខ្លីខាងមុខក៏ដោយ តែហានិភ័យនៃការវិនិយោគដែលមានតិចតួច នៅក្នុងឧស្សាហកម្មរបស់យើងគឺពិតជានឹងកើតឡើងយ៉ាងប្រាកដ រួមទាំងការរួមចំណែកដល់តម្លៃថាមពលខ្ពស់”។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនប្រេងសាធារណៈ និងឧស្ម័នធម្មជាតិ Aramco របស់រដ្ឋប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានជាប់ឈ្មោះជាអ្នកនាំចេញថាមពលធំបំផុតរបស់ពិភពលោក ជាសមាជិកដ៏សំខាន់នៃសម្ព័ន្ធអង្គការប្រេង OPEC រួមមានទាំងរុស្ស៊ីផងនោះ។ ការដាក់ទណ្ឌកម្មលើប្រភពថាមពលរុស្ស៊ីបានបង្កើតឪកាសអំណោយផលដល់អារ៉ាប៊ីសាអូឌីតនេះបានយ៉ាងខ្លាំង ព្រោះ Aramco គឺជានាំចេញដ៏សកម្មទៅកាន់ទីផ្សាពិភពលោកធំៗយ៉ាងចំនួនបីអាស៊ី អឺរ៉ុប និងអាមេរិកខាងជើង