ភ្នំពេញ៖ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន Arch4 បានចុះអនុស្សារណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុនស្មាតហូម (Smart Home) ក្នុងគោលបំណងជួយផ្សព្វផ្សាយសេវាកម្មរវាងគ្នាទៅវិញទៅមក ដោយកម្មវិធីនេះ បានរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ និងមានអ្នកចូលរួមប្រមាណ៥០នាក់។
អ្នកនាង សេង កន្និកា អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Arch4 បានឱ្យដឹងថា ដោយសារតែវិស័យអចលនទ្រព្យមានការរីកចំរើន ហើយកំណើននៃសាងសង់អគារទំនើបៗ និងលំនៅឋានប្រណីតៗ ក៏កាន់តែមានការពេញនិយមផងនោះ ធ្វើឱ្យក្រុមហ៊ុន Arch 4 ដែលជាក្រុមហ៊ុនស្ថាបត្យកម្ម បានរួមចំណែកអភិវឌ្ឍសំណង់ទាំងនោះគួរជាទីមោទន។
អ្នកនាងបានបន្ថែមថា ដើម្បីសម្រេចគោលដៅ ធ្វើឱ្យក្រុមហ៊ុនស្ថាបត្យកម្ម Arch4 ក្លាយជាក្រុមហ៊ុនរចនាលំនៅឋានឈានមុខគេនៅកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុន បានសម្រេចចុះអនុស្សារណៈ(MOU) ជាមួយក្រុមហ៊ុនស្មាតហ្វូន ដែលជាក្រុមហ៊ុនផ្គត់ផ្គង់លើបច្ចេកវិទ្យាទំនើប ឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាពសម្រាប់លំនៅឋានទាន់សម័យ ដើម្បីអាចសហការគ្នាផ្តល់សេវាប្រកបដោយគុណភាព និងទំនុកចិត្តដល់អតិថិជន។
អ្នកនាង កន្និកា បានបញ្ជាក់ថា ក្រោយពីចុះអនុស្សារណៈនេះហើយ រំពឹងថា ក្រុមហ៊ុនទាំងនឹងទទួលបានប្រយោជន៍ពីកិច្ចសហការរវាងគ្នានិងគ្នា ធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់ក្រុមហ៊ុនទាំង២មានភាពរីកចំរើនទៅមុខជាមួយគ្នា៕