(ស៉ីដនី)៖ ស្ត្រីម្នាក់ដែលរស់នៅរដ្ឋភាគខាងលិចអូស្ត្រាលី បានក្លាយជាករណីទី២ របស់ប្រទេសនេះ ដែលត្រូវបានរកឃើញថា មានបញ្ហាកំណកឈាម (Blood Clot) ដ៏កម្រ បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca។
នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១។
ស្ត្រីអាយុខ្ទង់៤០ឆ្នាំរូបនេះ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ ហើយគាត់ស្ថិតក្នុងស្ថានភាពនឹងនរធម្មតាទេ គិតត្រឹមថ្ងៃអង្គារនេះ។ រដ្ឋបាលចំណីអាហារ (TGA) របស់ប្រទេសអូស្រ្តាលី បានឲ្យដឹងថា ក្រុមអ្នកជំនាញប្រឹក្សាយោបល់បានជួបគ្នា កាលពីល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ និងបានសន្និដ្ឋានថា ករណីបញ្ហាកំណកឈាមនេះ ទំនងជាទាក់ទងទៅនឹងការចាក់វ៉ាក់សាំង។ ក្រុមអ្នកជំនាញដដែល ក៏បានសន្និដ្ឋានថា ករណីនេះមានភាពស្រដៀងគ្នាទៅនឹង ករណីដែលត្រូវបានរកឃើញនៅតំបន់អឺរ៉ុបដែរ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារនេះ វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ប្រហែល ៧០០,០០០ដូស ត្រូវបានចាក់ជូនប្រជាជននៅទូទាំងប្រទេសអូស្រ្តាលី។
ការព្រួយបារម្ភអំពីបញ្ហាកំណកឈាមដ៏កម្រនេះ បានជម្រុញឱ្យរដ្ឋាភិបាលអូស្រ្តាលី ត្រួតពិនិត្យឡើងវិញនូវការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ AstraZeneca កាលពីសប្តាហ៍មុន។ ប្រជាជនអូស្រ្តាលីដែលមានអាយុក្រោម៥០ឆ្នាំ ឥឡូវនេះត្រូវបានគេណែនាំ ឱ្យទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ជំនួសវិញ៕