វ៉ាស៊ីនតោន — ប្រធានប៉ូលិសប្រចាំទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក បានលាលែងពីតំណែងកាលពីថ្ងៃសៅរ៍ទី ១៣ មិថុនា គឺក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីបុរសស្បែកខ្មៅម្នាក់បានស្លាប់ ក្រោយពីមន្ត្រីប៉ូលិសម្នាក់បានបាញ់ក្នុងហេតុការណ៍ត្រួតពិនិត្យជាតិស្រវឹង។ អាជ្ញាធរបានឲ្យដឹងថា បុរសដែលត្រូវបានប៉ូលិសបាញ់នោះបានឆក់យកឧបករណ៍ឆក់របស់ប៉ូលិស ហើយបានរត់គេចនៅពេលដែលត្រូវបានប៉ូលិសបាញ់។
ប្រធានប៉ូលិសប្រចាំទីក្រុង Atlanta អ្នកស្រី Erika Shields បានលាលែងចេញពីតំណែង នៅពេលដែលការស្លាប់របស់លោក Rayshard Brooks អាយុ ២៧ ឆ្នាំ បានបង្កឲ្យមានរលកតវ៉ាថ្មីនៅក្នុងទីក្រុង Atlanta។
រលកតវ៉ាថ្មីនេះបានផ្ទុះឡើង បន្ទាប់ពីមានការថមថយការធ្វើបាតុកម្មក្រោយពីការស្លាប់របស់លោក George Floyd ពេលស្ថិតក្នុងសមត្ថកិច្ចរបស់ប៉ូលិសនៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota កាលពីពេលថ្មីៗនេះ។
កាលពីយប់ថ្ងៃសៅរ៍ ក្រុមអ្នកតវ៉ាបានដុតហាង Wendy's ដែលជាកន្លែងដែលលោក Brooks ត្រូវបានបាញ់សម្លាប់កាលពីយប់ថ្ងៃសុក្រ និងបានរាំងខ្ទប់ចរាចរណ៍នៅផ្លូវជាតិល្បឿនលឿននៅក្បែរនោះ។
អភិបាលក្រុង Atlanta អ្នកស្រី Keisha Lance Bottoms បានប្រកាសពីការលាលែងតំណែងរបស់ប្រធានប៉ូលិសក្រុងនេះកាលពីរសៀលថ្ងៃសៅរ៍នៅក្នុងសន្និសីទសារព័ត៌មានមួយ។
អ្នកស្រីបាននិយាយថា វាជាការសម្រេចចិត្តរបស់អ្នកស្រី Shields ខ្លួនឯងផ្ទាល់នៅក្នុងការលាលែងពីតំណែងជាប្រធានប៉ូលិស តែអ្នកស្រីនៅតែធ្វើការជាមួយក្រុងដដែលក្នុងតួនាទីមួយដែលមិនទាន់ត្រូវបានកំណត់នៅឡើយ៕