Alynana Media Cambodia
Icon Collap
clinic narit

ប្រធានាធិបតីហ្វាំងឡង់ និងប្រធានាធិបតីចិន ពិភាក្សាគ្នា ជុំវិញការខូចខាតបំពង់ឧស្ម័ន Balticconnector

Media LNN | Jan 11, 2024
ប្រធានាធិបតីហ្វាំងឡង់ និងប្រធានាធិបតីចិន ពិភាក្សាគ្នា ជុំវិញការខូចខាតបំពង់ឧស្ម័ន Balticconnector
Clinic narith

(ហែលស៉ិនគី)៖ ប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto បានឱ្យដឹងថារូបលោកបានពិភាក្សាគ្នាប្រកបដោយលក្ខណៈស្ថាបនាជាមួយ លោកប្រធានាធិបតីចិន ស៉ី ជីនពីង ជុំវិញការខូចខាតបំពង់បង្ហូរឧស្ម័ន Balticconnector ដែលតភ្ជាប់រវាងហ្វាំងឡង់ និងអេស្តូនី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤។

ប៉ូលិសហ្វាំងឡង់ បានដាក់ការសង្ស័យលើកប៉ាល់ដឹកកុងតឺន័រឈ្មោះ NewNew Polar Bear ដែលមានដោតទង់ជាតិហុងកុងថាជាប់ពាក់ព័ន្ធទៅនឹង ការធ្វើឲ្យខូចខាតបំពង់បង្ហូរឧស្ម័នមួយនេះ។ យុថ្កាដ៏ធំមួយដែលគេជឿថាជារបស់កប៉ាល់ចិន ត្រូវបានរកឃើញនៅជិតបំពង់បង្ហូរប្រេង ហើយក្រុមស៉ើបអង្កេតនិយាយថា វាទំនងជាខូចដោយសារតែសកម្មភាពអូសយុថ្កាក្នុងសមុទ្រ។

ការិយាល័យប្រធានាធិបតីហ្វាំងឡង់ បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា «ប្រធានាធិបតីទាំងពីរ បានកត់សម្គាល់នូវកិច្ចសន្ទនាប្រកបដោយ លក្ខណៈស្ថាបនា ទាក់ទងនឹងករណីនៃបំពង់បង្ហូរឧស្ម័ន Balticconnector»។ ចំណែក ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ដោយដកស្រង់សម្តី របស់លោក ស៉ី ដែលលើកឡើងតែអំពីឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយហ្វាំងឡង់ប៉ុណ្ណោះ ដោយមិនមានព័ត៌មានអំពីបញ្ហា​បំពង់​បង្ហូរឧស្ម័ន​នោះ​ទេ។

គួរបញ្ជាក់ថា ហ្វាំងឡង់ធ្លាប់បានប្រកាសថាការស៉ើបអង្កេតលើការខូចខាតបំពង់ Balticconnector បានចាប់ផ្ដើម ក្នុងប្រទេសចិន នៅមុនថ្ងៃបុណ្យណូអែលកាលពីឆ្នាំ២០២៣ ហើយដែលកាលណោះ ចិនបានសន្យាធ្វើសហប្រតិបត្តិការយ៉ាងពេញលេញ នៅក្នុងការស៉ើបអង្កេត៕