(អង់ការ៉ា)៖ ក្រុមហ៊ុនវិស័យការពារជាតិរបស់តួកគី ឈ្មោះ បេការ (Baykar) បានប្រកាសឱ្យដឹងថា យន្តហោះដ្រូនដែលប្រើប្រាស់ម៉ាស៉ីនប្រភេទ Jet ដំបូងបំផុតរបស់ខ្លួន ទើបតែសម្រេចការហោះហើរជាលើកដំបូងកាលពីថ្ងៃពុធ ខណៈដ្រូនរបស់ក្រុមហ៊ុននេះ ត្រូវគេស្គាល់យ៉ាងទូលំទូលាយ ជាពិសេសដោយសារសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២។
ក្រុមហ៊ុន Baykar បានបង្ហោះឃ្លីបវីដេអូមួយដែលបង្ហាញពីសកម្មភាព យន្តហោះដ្រូនខាងលើ ឈ្មោះថា គីហ្ស៉ីលេលម៉ា (Kizilelma) ហោះចាកចេញពីមូលដ្ឋានទ័ពអាកាសតួកគីមួយកន្លែង ហើយត្រឡប់ទៅចុះចតនៅទីនោះវិញ ដែលស្ថិតក្នុងខេត្តខ័រលូ (Corlu) ភាគពាយព្យប្រទេស ចម្ងាយប្រហែល៨៥គីឡូម៉ែត្រ ពីភាគខាងលិចទីក្រុងអ៉ីស្តង់ប៊ុល។
យន្តហោះដ្រូនធុន Bayraktar TB2 របស់ក្រុមហ៊ុន Baykar ទទួលបានប្រជាប្រិយភាពជាខ្លាំង បន្ទាប់ពីវាបានបង្ហាញសមត្ថភាព ក្នុងសង្រ្គាមនៅជុំវិញពិភពលោក ដូចជាស៉ីរីនិងលីប៊ីជាដើម ហើយចុងក្រោយគេបំផុតនេះគឺនៅអ៊ុយក្រែន ដោយដ្រូន TB2 បានជួយកងទ័ពអ៊ុយក្រែនប្រយុទ្ធតទល់ ជាមួយកងកម្លាំងឈ្លានពានរបស់រុស្ស៉ី។ ប្រការនេះក៏បានលើកមុខមាត់ក្រុមហ៊ុន Baykar ឱ្យក្លាយទៅជាក្រុមហ៊ុនផលិតនិងនាំចេញបរិក្ខារយោធាដ៏លេចធ្លោមួយ នៅក្រោមក្រសែភ្នែកអន្តរជាតិផងដែរ។
គួរបញ្ជាក់ថា ខណៈដ្រូន Bayraktar TB2 ដំណើរការដោយស្លាបចក្រ យន្តហោះដ្រូនស៊េរីថ្មី Kizilelma ដំណើរការដោយម៉ាស៉ីន Jet ពោលគឺដូចម៉ាស៉ីនយន្តហោះទូទៅ នាសម័យទំនើបបច្ចុប្បន្នយ៉ាងដូច្នោះ។ ម៉្យាងវិញទៀត អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺវាក៏មានរូបរាងខាងក្រៅ ស្រដៀងគ្នាទៅនឹង ពួកយន្តហោះចម្បាំងជំនាន់ទី៥ថែមទៀតផង។ ក្រុមហ៊ុន Baykar បានអះអាងថា ក្រៅពីបំពេញបេសកកម្មទូទៅធម្មតារបស់ដ្រូន យន្តហោះដ្រូន Kizilelma ក៏នឹងអាចធ្វើការប្រយុទ្ធនៅលើផ្ទៃអាកាសផ្ទាល់ ឬហៅថា air-to-air combat បានផងដែរ ហើយវានឹងមានល្បឿនអតិបរមាលឿនជាង ព្រមទាំងមានសមត្ថភាពផ្ទុកបានធ្ងន់ជាង ដ្រូននានាដែលតួកគីមានសព្វថ្ងៃ៕