(ហ្កាហ្សា)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាអ៉ីស្រាអែលនឹងពិចារណាលើការផ្អាកការប្រយុទ្ធគ្នា នៅក្នុងតំបន់ហ្កាហ្សា ដើម្បីជួយសម្រួលដល់កិច្ចការផ្ដល់ជំនួយ និងការដោះលែងចំណាប់ខ្មាំង ប៉ុន្តែនៅតែបដិសេធបទឈប់បាញ់ទាំងស្រុងជាមួយក្រុមហាម៉ាស បើទោះជាមានការកើន ឡើងការដាក់សម្ពាធពីអន្តរជាតិក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Netanyahu ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក ABC News ចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅ វ៉ាស៊ីនតោន)។ ថ្លែងនាឱកាសនោះ លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ដូចកាលពីពេលមុន យើងធ្លាប់មានការផ្អាកការប្រយុទ្ធគ្នា រយៈពេលមួយម៉ោងនៅទីនេះ (អ៉ីស្រាអែល) និងមួយម៉ោងនៅទីនោះ (ហ្កាហ្សា)។ ខ្ញុំចង់និយាយថាយើងនឹងពិនិត្យលើកាលៈទេសៈក្នុងគោលបំណងជួយសម្រួល ដល់លំហូរចូលជំនួយមនុស្សធម៌ ឬក៏ការដោះលែងចំណាប់ខ្មាំង។ ប៉ុន្តែខ្ញុំមិនគិតនោះទេថាវាជាបទឈប់បាញ់ទាំងស្រុងមួយ»។
គួរបញ្ជាក់ថា ទាំងអ៉ីស្រាអែល និងក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានច្រានចោលដូចគ្នាចំពោះការអំពាវនាវឱ្យមានបទឈប់បាញ់ ដោយខាងអ៉ីស្រាអែល និយាយថាបទឈប់បាញ់អាចនឹងកើតឡើង ទាល់តែចំណាប់ខ្មាំងជាង ២៤០នាក់ដែលត្រូវបានចាប់ខ្លួន អំឡុងការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូង អ៉ីស្រាអែលត្រូវបានដោះលែងជាមុនសិន។ ចំណែក ក្រុមហាម៉ាសវិញបាននិយាយថាពួកគេនឹងមិនដោះលែងចំណាប់ខ្មាំង ឬបញ្ឈប់ការប្រយុទ្ធគ្នានោះទេ ប្រសិនបើ អ៉ីស្រាអែលនៅតែបន្តការទម្លាក់គ្រាប់បែក ឬវាយប្រហារលើតំបន់ហ្កាហ្សា។
ការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា បានសម្លាប់ជនជាតិអ៉ីស្រាអែល ១៤០០នាក់ ភាគច្រើនជាជនស៊ីវិល ខណៈ ក្រុមមន្ត្រីក្នុងតំបន់ហ្កាហ្សា ក៏បានអះអាងដែរថាការវាយប្រហារសងសឹករបស់អ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនកើនដល់ ១០,០២២នាក់ ដែលភាគច្រើន ជាជនស៊ីវិលក្នុងនោះមានកុមារ ៤,១០៤នាក់។ មិនតែប៉ុណ្ណោះមន្ទីរពេទ្យទាំងអស់ក្នុងតំបន់ហ្កាហ្សាសឹងតែលែងមានសមត្ថភាពព្យាបាលអ្នករងរបួស រីឯប្រជាជន ហ្កាហ្សា កំពុងខ្វះខាតចំណីអាហារ ទឹកស្អាត និងអគ្គិសនី ដោយសារតែការបិទខ្ទប់របស់អ៉ីស្រាអែល៕