(ថៃ)៖ ក្រុមហ៊ុនផលិតកែច្នៃសាច់ដ៏ធំមួយរបស់ថៃ Betagro Plc កំពុងស្វែងរកប្រភពទុនបន្ថែមតាមរយៈការបោះផ្សាយលក់មូលបត្រក្នុងតម្លៃ៥៥៤លានដុល្លារ ដែលទំហំនៃការបោះផ្សាយលក់មូលបត្រនេះ គឺជាការបោះផ្សាយលក់មូលបត្រដ៏ធំបំផុតទី២ហើយនៅក្នុងប្រទេសថៃសម្រាប់ឆ្នាំនេះ។ បច្ចុប្បន្ន ក្រុមហ៊ុនដ៏ធំរបស់ថៃមួយនេះ ក៏កំពុងធ្វើទីផ្សារផ្សព្វផ្សាយភាគហ៊ុនរបស់ខ្លួន ទៅដល់វិនិយោគដែលជាស្ថាប័នធំៗ ដែលការបោះផ្សាយលក់ភាគហ៊ុនអាចនឹងប្រព្រឹត្តិទៅនៅដើមខែកញ្ញា។ នេះបើតាមការអះអាងរបស់ប្រភពជិតស្និទ្ធនឹងរឿងនេះ ដែលបានអះអាងប្រាប់សារព័ត៌មានថៃបាងកកប៉ុស្ដិ៍។
ប្រសិនបើផែនការបោះផ្សាយលក់មូលបត្រ (IPO) របស់ក្រុមហ៊ុន Betagro ពិតជាត្រូវបានធ្វើឡើងមែននោះ នោះវានឹងក្លាយជាការបោះផ្សាយលក់មូលបត្រដ៏ធំបំផុតទី២នៅក្នុងផ្សារមូលបត្រថៃ បន្ទាប់ពីក្រុមហ៊ុន ធានារ៉ាប់រង Thai Life ដែលបានបោះផ្សាយលក់មូលបត្រតម្លៃ១ពាន់លានដុល្លារ កាលពីខែកក្កដាកន្លងទៅ។ នេះបើតាមទិន្នន័យដែលបានបង្ហាញដោយសារព័ត៌មាន Bloomberg។
សន្ទស្សន៍ផ្សារភាគហ៊ុនគោលជាតិរបស់ថៃ បានកើនឡើងប្រហែល៣,៦% នៅក្នុងខែសីហានេះ ដែលជាកំណើនខ្ពស់ប្រចាំខែសម្រាប់ឆ្នាំនេះ ដោយសារតែមានតម្រូវការវិនិយោគច្រើនពីអ្នកវិនិយោគនៅក្រៅប្រទេស។
បើតាមប្រភពព័ត៌មានបានគូសបញ្ជាក់ថា ក្រុមហ៊ុន Betagro របស់ថៃ គ្រោងបោះផ្សាយលក់ភាគហ៊ុនដល់ទៅ ៥០០លានភាគហ៊ុនថ្មី ឬស្មើនឹង២៥%ភាគហ៊ុន នៃការពង្រីកដើមទុន ដោយក្រុមហ៊ុននេះ នឹងយកមូលនិធិទាំងនោះ សម្រាប់ប្រើប្រាស់ក្នុងការពង្រីកផលិតកម្មកសិដ្ឋាន និងចិញ្ចឹមសត្វនៅក្នុងប្រទេសថៃ រួមទាំងប្រទេសជិតខាងផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Betagroរបស់ថៃ បច្ចុប្បន្នក៏មានការវិនិយោគនៅកម្ពុជាដែរ ដូចជាការផលិតចំណីសត្វ និងកសិដ្ឋានចិញ្ចឹមជ្រូក និងមាន់ជាដើម។ ក្រៅពីកម្ពុជា ក្រុមហ៊ុននេះ ក៏មានវិនិយោគនៅប្រទេសឡាវ និងមីយ៉ាន់ម៉ាផងដែរ៕