Alynana Media Cambodia
Icon Collap
clinic narit

ទស្សនៈ​របស់មហាសេដ្ឋី Bill Gates ជុំវិញអំពីរឿង វីរុស Covid-19

Mar 23, 2020
ទស្សនៈ​របស់មហាសេដ្ឋី Bill Gates ជុំវិញអំពីរឿង វីរុស Covid-19
Clinic narith

មហាសេដ្ឋី Bill Gates: «តើ វីរុស Covid-19 បង្រៀនយើងយ៉ាងដូចម្តេច?»

(សំបុត្រ)៖ ខ្ញុំជាអ្នកជឿដ៏មុតមាំថា មានដួង វិញ្ញាណពិសេស នៅពីក្រោយអ្វីគ្រប់យ៉ាងដែលកើតឡើងនៅពេលនេះ ទោះបីអ្វីដែលកើតឡើងនេះ យើងគិតថា ល្អឬអាក្រក់ក៏ដោយ។ នៅ ពេលខ្ញុំសញ្ជឹងគិតអំពីរឿងនេះ ខ្ញុំចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នានូវអ្វីដែលខ្ញុំគិតយល់ ឃើញអំពី វីរុសកូរ៉ូណា ឬ Covid-19 ដែលកំពុងធ្វើមកលើចំពោះមនុស្សជាតិ និងចំពោះយើង៖

វារំលឹកយើងថា មនុស្សគ្រប់រូបគឺស្មើគ្នាដោយមិនគិតពីវប្បធម៌ សាសនា ឋានៈតួនាទី អ្នក មាន អ្នកក្រ ឬភាពល្បីល្បាញរបស់យើងនោះទេ។ មេរោគនេះវាមើលមនុស្សទាំងអស់ជាចំណីអាហាររបស់វាដូចៗគ្នា។ ប្រសិនបើអ្នកមិនជឿខ្ញុំទេ សួរលោកវេជ្ជបណ្ឌិត Tom Hanks ចុះ។

វារំលឹកយើងថា យើងទាំងអស់គ្នាមានទំនាក់ទំនងគ្នា ហើយអ្វីមួយដែលប៉ះពាល់ដល់មនុស្សម្នាក់មានឥទ្ធិពលលើមនុស្សម្នាក់ទៀត។ វាក៏រំលឹកយើងថា ព្រំដែនដែលយើងបានកំណត់នេះ ស្ទើតែគ្មានតម្លៃពីព្រោះវីរុសនេះមិនត្រូវការលិខិតឆ្លងដែនទេ។ វាក៏រំលឹកយើងថា ជីវិតខ្លះរងការគាបសង្កត់ក្នុងរយៈពេលខ្លី ហើយពិភពលោកនេះកន្លែងខ្លះក៏ត្រូវបានជិះជាន់រយៈពេលយូរដែរ។

វារំលឹកយើងថា សុខភាពរបស់យើងមានតម្លៃណាស់ ប៉ុន្តែ សុខភាពយើងត្រូវបានផ្លាស់ប្តូរ ដោយសារតែការធ្វេសប្រហែសរបស់យើង តាមរយៈការបរិភោគចំណីអាហារមានគុណភាពមិនល្អ ផលិតផលមានសារធាតុចិញ្ចឹមមិនល្អ និងផឹកទឹកដែលមានជាតិគីមីពុល។ ប្រសិនបើយើងមិនថែរក្សាសុខភាពរបស់យើងទេ យើងប្រាកដជាមានជំងឺ។

វារំលឹកយើងពីភាពខ្លីនៃជីវិត និងអ្វីដែលសំខាន់បំផុតសម្រាប់យើង ដែលយើងត្រូវធ្វើ គឺជួយគ្នាទៅវិញទៅមកជាពិសេសអ្នកវ័យចាស់ ឬអ្នកមានជំងឺ។ វាមិនមែនរឿងយើងទៅដណ្តើមគ្នាទិញក្រដាសបង្គន់ទុកជូតគូថនោះទេ។

វារំលឹកយើងពីភាពវង្វេងស្មារតីដែលសង្គមរបស់យើងបានប្រែប្រួលទៅហើយ។នៅពេលមានការលំបាក យើងចងចាំថា របស់ដែលចាំបាច់ ដែលយើងត្រូវការ គឺអាហារដែលជាទឹកថ្នាំពេទ្យប៉ុណ្ណោះ មិនមែនវត្ថុប្រណិត ដែលកន្លងមកយើងផ្តល់តម្លៃនោះឡើយ ពីព្រោះរបស់នេះមិនអាចចាក់ចូលខ្លួនឲ្យជាជំងឺ ឲ្យរស់នោះឡើយ។

វារំលឹកយើងថា តើជីវិតគ្រួសារនិងផ្ទះរបស់យើងមានសារៈសំខាន់ប៉ុណ្ណា? ហើយតើយើងបានធ្វេសប្រហែសចំពោះបញ្ហានេះកន្លងមកដូចម្តេច? វាកំពុងតែបង្ខំយើងឲ្យចូលក្នុងផ្ទះរបស់យើងវិញ។ ដូច្នេះយើងចូលក្នុងផ្ទះរបស់យើង ហើយពង្រឹងអង្គភាពគ្រួសាររបស់យើង។

វារំលឹកយើងថា ការងារពិតប្រាកដរបស់យើង មិនមែនជាអ្វីដែលយើងដណ្តើមគ្នាធ្វើ មិនមែនជាអ្វីដែលយើងបង្កើតឡើងដើម្បីធ្វើប្រណាំងគ្នានោះទេ។ ការងារពិតរបស់យើងគឺ មើលថែរក្សាគ្នា ការពារគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។

វារំលឹកយើង ឱ្យបោះបង់ចោលភាពក្រអឺតក្រទម និងបន្តពិនិត្យឡើងវិញនូវអកប្បកិរិយារបស់យើង។ វារំលឹកយើងថា កុំគិតថាយើងអស្ចារ្យប៉ុណ្ណា ឬថាតើអ្នកដទៃគិតថាខ្លួនយើងអស្ចារ្យប៉ុណ្ណានោះទេ ការពិតវីរុសទៅវិញទេដែលអាចនាំពិភពលោកទាំងមូលទៅរកភាពជាប់គាំងបាន។

វារំលឹកយើងថា អំណាចនៃឆន្ទៈគឺស្ថិតនៅក្នុងដៃរបស់យើង។ យើងអាចជ្រើសរើសការសហការ និងជួយចែករំលែកគ្នា ផ្តល់ជំនួយគាំទ្រគ្នា ឬយើងអាចជ្រើសរើសធ្វើជាមនុស្សអាត្មានិយមលាក់ខ្លួនមើលថែរក្សាខ្លួនឯងក៏បាន។ ការពិត គឺការលំបាកនេះហើយ ដែលលាតបង្ហាញភាពពិត សមត្ថភាពពិត ថាយើងជានរណា!?

វារំលឹកយើងថា យើងអាចអត់ធ្មត់ ឬយើងភ័យស្លន់ស្លោ។ យើងក៏អាចយល់បានដែរថា ស្ថានភាពប្រភេទនេះធ្លាប់បានកើតឡើងជាច្រើនដងរួចមកហើយនៅក្នុងប្រវត្តិសាស្ត្រ ហើយនឹងកន្លងផុតទៅឬក៏យើងនៅតែភ័យស្លន់ស្លោ ហើយយល់ឃើញថា វាជាទីចុងបញ្ចប់នៃពិភពលោក! នេះហើយជាហេតុ ធ្វើឱ្យខ្លួនយើងមានគ្រោះថ្នាក់ច្រើនជាងបន្តរស់នៅ។

វារំលឹកយើងថា ពេលនេះ អាចជាទីបញ្ចប់ឬការចាប់ផ្តើមថ្មី។ នេះអាចជាពេលវេលានៃការឆ្លុះបញ្ចាំង និងការយល់ដឹងដែលយើងរៀនពីកំហុសរបស់យើង ឬវាអាចជាការចាប់ផ្តើមនៃវដ្តដែលនឹងបន្ត រហូតដល់យើងរកការពិតឃើញ។

វារំលឹកយើងថា ផែនដីនេះកំពុងឈឺចាប់។ វារំលឹកយើងថា យើងត្រូវមើលអត្រានៃការកាប់បំផ្លាញព្រៃឈើ។ វារំលឹកឲ្យយើងក្រឡេកមើលល្បឿននៃការបំផ្លាញបរិស្ថាន។ ឥឡូវនេះយើងមានជំងឺ ពីព្រោះប្រទេសជាតិយើងមានជំងឺ ពិភពលោកយើងមានជំងឺ។

វារំលឹកយើងថា បន្ទាប់ពីការលំបាក នោះគ្រប់យ៉ាងតែងតែវិវត្តន៍ទៅភាពងាយស្រួល។ ជីវិតវិលវល់។ ហើយនេះគ្រាន់តែជាដំណាក់កាលមួយនៃវដ្តដ៏អស្ចារ្យនាពេលនេះ។ យើងមិនចាំបាច់ភ័យស្លន់ស្លោឡើយ អ្វីៗវានឹងរលាយបាត់ ពីព្រោះសូម្បី ភាពស្លន់ស្លោក៏នឹងកន្លងផុតទៅដែរ។

មនុស្សជាច្រើនយល់ឃើញថា វីរុសកូរ៉ូណា ឬ Covid-19 គឺជាគ្រោះមហន្តរាយដ៏ធំមួយ។ ខ្ញុំយល់ឃើញបញ្ច្រាសទៅវិញថា វាគឺជាអ្នកមកកែលម្អដ៏អស្ចារ្យម្នាក់ គឺកែអ្វីដែលយើងបានធ្វើខុស កែអ្វីដែលពិភពលោកបានធ្វើខុសកន្លងមក។ វាក៏រំលឹកយើងពីមេរៀនសំខាន់ៗដែលយើងហាក់ដូចជាភ្លេច ហើយអ្វីៗវាអាស្រ័យលើយើង តើយើងរៀនពីកំហុសនេះដែរឬទេ ដើម្បីជីវិតស្រស់ថ្លាបន្ទាប់ពីនេះ៕

photo_2020-03-24_12-47-21