Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុន BioNTech របស់អាឡឺម៉ង់ កំពុងប្រឈមពាក្យបណ្តឹងជុំវិញផលប៉ះពាល់នៃថ្នាំបង្ការជំងឺកូវីដ១៩

Media LNN | Jul 04, 2023
ក្រុមហ៊ុន BioNTech របស់អាឡឺម៉ង់ កំពុងប្រឈមពាក្យបណ្តឹងជុំវិញផលប៉ះពាល់នៃថ្នាំបង្ការជំងឺកូវីដ១៩
Clinic narith

 

អាឡឺម៉ង់៖ សវនាការដំបូងរបស់តុលាការអាឡឺម៉ង់ស្ថិតនៅឯទីប្រជុំជនរ៉ូតវែល (Rottweil) កំពុងធ្វើឡើងដើម្បីប្រឆាំងនឹងក្រុមហ៊ុនផលិត និងចែកចាយថ្នាំបង្កាប៊ីយ៉ុនថិច (BioNTech) ជុំវិញការចោទប្រកាន់អំពីផលប៉ះពាល់នៃវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ។

ដើមបណ្តឹងមានឈ្មោះឌីថ្មារ សៀរើ (Dietmar Scherer) អាយុ៥៨ឆ្នាំ បានចោទប្រកាន់ថា ភ្នែកខាងស្តាំរបស់គាត់មិនអាចមើលឃើញបានឡើយ បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនប៊ីយ៉ុនថិច (BioNTech) ដោយដើមបណ្តឹងកំពុងធ្វើការទាមទារសំណងចំនួន ១៥ម៉ឺនអឺរ៉ូ និងសូមឱ្យមានការទទួលស្គាល់ការខូចខាតដែលក្រុមហ៊ុនបានធ្វើឡើង ។

ជាមួយគ្នានេះ មេធាវីរបស់លោកសៀរើ (Scherer) បានក៏បញ្ជាក់ផងដែរថា ប្រមាណជា ៣០០ករណីពាក់ព័ន្ធនឹងវ៉ាក់សាំងខូចខាត នឹងត្រូវបញ្ជូនទៅកាន់តុលាការ ។

គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ គេនៅមិនទាន់ដឹងច្បាស់នោះទេ ថាតើដំណើរការរបស់តុលាការនឹងត្រូវចំណាយពេលប៉ុន្មាន ហើយក៏មិនច្បាស់នោះដែរ ថាតើនរណានឹងចេញមុខបង់ថ្លៃសម្រាប់សំណងផ្លូវច្បាប់ ឬសំណងផ្សេងៗ ប្រសិនបើដើមបណ្តឹងឈ្នះក្តី។

ដោយឡែក ទីភ្នាក់ងារឱសថអ៊ឺរ៉ុប (EMA) បានលើកឡើងថា វ៉ាក់សាំងភីហ្វាយហ្សើ (Pfizer) របស់ក្រុមហ៊ុនប៊ីយ៉ុនថិច (BioNTech) ដែលចរាចរណ៍ទូទៅនៅតាមបណ្តាប្រទេសលោកខាងលិច គឺមានសុវត្ថិភាពជាធម្មតាសម្រាប់ការប្រើប្រាស់ ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រុមហ៊ុនប៊ីយ៉ុនថិច (BioNTech) បានឱ្យដឹងថា មនុស្សប្រហែល ១.៥ ពាន់លាននាក់ទូទាំងពិភពលោក បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយ ៦៤លាននាក់ក្នុងចំណោមនោះ គឺជាអ្នករស់នៅក្នុងប្រទេសអាឡឺម៉ង់ ៕