ព្យុះស៊ីក្លូន Biparjoy បានវាយប្រហារឆ្នេរសមុទ្រប្រទេសឥណ្ឌា ដោយពាំនាំមកនូវខ្យល់បក់បោកខ្លាំង ធ្វើឱ្យមានការភ័យខ្លាច និងជំរុញឱ្យមានការជម្លៀសមនុស្សជាច្រើន ប៉ុន្តែវាបានថមថយឥទ្ធិពលវិញ នាព្រឹកថ្ងៃសុក្រនេះ នៅពេលផ្លាស់ទីឆ្ពោះទៅកាន់ភាគខាងជើង។
មន្រ្តីព្យាករណ៍ឧតុនិយមឥណ្ឌាបានព្រមានថា ព្យុះស៊ីក្លូន Biparjoy ដែលឈ្មោះមានន័យថា "គ្រោះមហន្តរាយ" ទំនងជាបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងផ្តួលរលំខ្សែភ្លើងជាច្រើន នៅពេលដែលវាធ្វើដំណើរឆ្លងកាត់រដ្ឋ Gujarat ភាគខាងលិច។ "ព្យុះស៊ីក្លូនដ៏កំណាចនេះ" បានឆ្លងកាត់ឆ្នេរសមុទ្រក្បែរកំពង់ផែ Jakhau កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយបន្ទាប់មកវាបានថមថយកម្លាំងវិញ ជាមួយល្បឿនប្រហែល ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។