ភ្នំពេញ_នាថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២២ កម្មវិធី Biz & Digital បានរៀបចំសិក្ខាសាលាជាលើកទី ២ ក្រោមប្រធានបទ Entrepreneur Mindset “Resilience & Agility” ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់វាគ្មិន ៣ រូបដែលមានបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យធុរកិច្ចដូចជា៖ លោកឯកឧត្តម បណ្ឌិត តាន់មុនីវណ្ណ ប្រធានសមាគមធុរកិច្ចអេឡិចត្រូនិចកម្ពុជា (CEA) - លោកស្រី ចេន សុភាព ជាស្ថាបនិក និង នាយិកា សហគ្រាសកីតម្បាញខ្មែរ (KTK) - លោក ឆាំ ប៊ុនថេត នាយកផ្នែកបណ្ដុះបណ្ដាលនៅ Prudential Cambodia រួមជាមួយការចូលរួមយ៉ាងច្រើនកុះករនៃ ម្ចាស់អាជីវកម្ម ប្រធានគ្រប់គ្រង នាយកប្រតិបត្តិ អ្នកដឹកនាំដែលអញ្ចើញមកពីស្ថាប័ននាៗផងដែរ។
នៅក្នុងកម្មវិធី លោកឯកឧត្តម បណ្ឌិត តាន់មុនីវណ្ណ ក៏បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន និងគន្លឹះនៃការធ្វើជំនួញឲ្យទទួលបានជោគជ័យសម្រាប់សិក្ខាកាមដែលមានបំណងចង់ក្លាយទៅជាសហគ្រិនដ៍ឆ្នើមនាពេលអនាគត។ ឯកឧត្តម បណ្ឌិត ក៍បានបន្ថែមទៀតថា អាជីវកម្មមួយដែលខ្លាំង និងអាចឈរជើងបានយូរឆ្នាំ អាស្រ័យទៅលើការមាននូវធនធានមនុស្សដែលពូកែៗព្រមទាំងមាននូវគំនិតអាជីវកម្មច្នៃប្រឌិតខ្ពស់ខុសប្លែកពីអាជីវកម្មដទៃៗទៀត។ ពាក្យថាសហគ្រិនសំដៅលើបុគ្គលដែលបានបង្កើតនូវរបរមួយដែលផ្ដល់ដំណោះស្រាយ ឆ្លើយតបទៅនឹងតម្រូវការរួមនិងបញ្ហារបស់មនុស្សនៅក្នុងសង្គមជាជាងការលក់ដូរដើម្បីតែផលចំណេញសម្រាប់ក្រុមហ៊ុនតែម្យ៉ាង៕