នៅថ្ងៃពុធទី២១ខែមិថុនា ប្រទេសកូរ៉េខាងជើង បានរិះគន់ដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់ទីក្រុងប៉េកាំងនាពេលថ្មីៗនេះ ថាជា “ដំណើរសុំទាន” ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅក្នុងអ្វីដែលខ្លួនហៅថា ជាគោលនយោបាយបរាជ័យ ដើម្បីដាក់សម្ពាធលើប្រទេសចិន។នៅក្នុងការដោះដូរដ៏សំខាន់បំផុតមួយរវាងសហរដ្ឋអាមេរិកនិងចិន ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ចូលកាន់តំណែង, លោក Blinken និងប្រធានាធិបតីចិន ស៊ី ជីនពីង បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទទី១៩ខែមិថុនា ហើយបានយល់ព្រមរក្សាស្ថិរភាព កុំឲ្យមានជម្លោះ។
បន្ទាប់ពីកិច្ចប្រជុំនោះ លោក Blinken និយាយថា លោកបានជំរុញប្រទេសចិន លើកទឹកចិត្តកូរ៉េខាងជើង ឲ្យបញ្ឈប់ការបាញ់មីស៊ីល ខណៈទីក្រុងប៉េកាំងមានជំហរតែមួយគត់ នោះគឺជំរុញឲ្យទីក្រុងព្យុងយ៉ាង ចូលរួមក្នុងកិច្ចសន្ទនា។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងការអត្ថាធិប្បាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA, លោក Jong Yong Hak ជាអ្នកវិភាគកិច្ចការអន្តរជាតិ បាននិយាយថា ដំណើរទស្សនកិច្ចដ៏កម្រនេះ គឺមានបំណងសុំឲ្យបន្ធូរបន្ថយភាពតានតឹង ព្រោះការប៉ុនប៉ងណាមួយដើម្បីគាបសង្កត់ និងរារាំងប្រទេសចិន អាចក្លាយជាកាំបិតចិតដងឯងសម្រាប់សេដ្ឋកិច្ចអាមេរិក។
ការអត្ថាធិប្បាយនោះមានខ្លឹមសារថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក នាពេលថ្មីៗនេះ គ្មានអ្វីក្រៅពីដំណើរសុំទានដ៏អាម៉ាស់របស់អ្នកបង្កហេតុ ដែលទទួលស្គាល់បរាជ័យនៃគោលនយោបាយដាក់សម្ពាធលើប្រទេសចិននោះទេ។
ការអត្ថាធិប្បាយនោះនិយាយទៀតថា សហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះការបង្កើនភាពតានតឹងក្នុងតំបន់ ជាមួយនឹងប្លុកប្រឆាំងចិន ដូចជា QUAD និង AUKUS ជាដើម។
គួរបញ្ជាក់ជាថ្មី, លោក Blinken គឺជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូងគេ ដែលបានជួបលោក ស៊ី ចាប់តាំងពីឆ្នាំ២០១៨មក ខណៈដំបូងឡើយ លោក Blinken គ្រោងនឹងទៅទីក្រុងប៉េកាំងនៅដើមខែកុម្ភៈ ប៉ុន្តែដំណើរនោះ ត្រូវបានពន្យារពេល ដោយសារតែរឿងអាស្រូវបាឡុងចារកម្ម៕