(ញូវយ៉ក)៖ សារព័ត៌មានអាមេរិក Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុន Boeing ប្រឈមនឹងការពន្យារពេលការចែកចាយយន្តហោះ 737 MAX MAX 9 ទៅកាន់ប្រទេសចិន បន្ទាប់ពីមានឧបទ្ទវហេតុរបើកទ្វារយន្តហោះអាសន្នដែលគេបិទចោលរបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines នៅដើមខែនេះ។
សារព័ត៌មាន Wall Street Journal បានរាយការណ៍ដោយដកស្រង់សម្តីប្រភពដែលបានដឹងពីករណីនេះថា ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកយន្តហោះ MAX នៅក្នុងខែមករា ប៉ុន្តែក្រុមហ៊ុនគ្រោងនឹងធ្វើការត្រួតពិនិត្យសុវត្ថិភាពបន្ថែមលើយន្តហោះនេះ។
កាសែតនេះបានរាយការណ៍បន្ថែមថា និយតករអាកាសចរណ៍របស់ប្រទេសចិនក៏បានណែនាំក្រុមហ៊ុនអាកាសចរណ៍ស្ថិតក្រោមនិយតកម្មរបស់ខ្លួនឱ្យធ្វើការត្រួតពិនិត្យសុវត្ថិភាពជាមុននៅលើយន្តហោះ Boeing 737 MAX របស់ពួកគេ។
ក្រុមហ៊ុនអាកាសចរណ៍ចិនមិនមានយន្តហោះម៉ូដែល MAX 9 នៅក្នុងក្រុមយន្តហោះរបស់ខ្លួនទេ។ យន្តហោះ MAX 8 ដែលក្រុមហ៊ុនទាំងនេះកំពុងប្រតិបត្តិការមិនមានបន្ទះបិទនៅត្រង់ទ្វារអាសន្នដែលរបើកចេញដូចយន្តហោះជួបឧបទ្ទវេហេតុរបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska ទេ។
សារព័ត៌មាន WSJ បានរាយការណ៍ថា ទីក្រុងប៉េកាំងកំពុងផ្អាកការធ្វើសេចក្តីសម្រេចណាមួយបន្ថែមទៀត ខណៈដែលខ្លួនរង់ចាំភាពច្បាស់លាស់បន្ថែមទៀតពីការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកលើឧបទ្ទវហេតុ៕