Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមប្រទេស BRICS គ្រោងបង្កើតធនាគារកណ្តាល និងចេញរូបិយប័ណ្ណផ្ទាល់ខ្លួន ដើម្បីទប់ទល់នឹងសម្ពាធហិរញ្ញវត្ថុពីបស្ចិមប្រទេស

Media LNN | May 07, 2024
ក្រុមប្រទេស BRICS គ្រោងបង្កើតធនាគារកណ្តាល និងចេញរូបិយប័ណ្ណផ្ទាល់ខ្លួន ដើម្បីទប់ទល់នឹងសម្ពាធហិរញ្ញវត្ថុពីបស្ចិមប្រទេស
Clinic narith

ក្រុមប្រទេសសម្ព័ន្ធសេដ្ឋកិច្ចកំពុងមានការរីកចម្រើនខ្លាំង BRICS គ្រោងបង្កើតធនាគារកណ្តាលរបស់ខ្លួន ដើម្បីចេញរូបិយប័ណ្ណផ្ទាល់ខ្លួន ដែលជាផ្នែកមួយដើម្បីទប់ទល់នឹងសម្ពាធផ្នែកប្រតិបត្តិការហិរញ្ញវត្ថុជាមួយនឹងបស្ចិមប្រទេស និងការធ្វើបដិដុល្លារនីយកម្ម ឬការឈប់ប្រើប្រាស់ប្រាក់ដុល្លារក្នុងការទូទាត់ពាណិជ្ជកម្ម។ គម្រោងប្រកបដោយមហិច្ឆតានេះ ត្រូវបានបង្ហើបដោយមន្រ្តីជាន់ខ្ពស់រុស្ស៊ីម្នាក់ ស្របពេលដែលរុស្ស៊ីកំពុងខិតខំរកច្រករើចេញពីដង្កៀបសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ក្រុមប្រទេសមានរីកចម្រើនទាំង៧ ឬ G7។

លោក សឺហ្គេ រីយ៉ាបកូវ (Sergei Ryabkov)អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានបង្ហើបកាលពីពេលថ្មីៗនេះថា គំនិតផ្តួចផ្តើមនៅក្នុងការបង្កើតធនាគារកណ្តាល និងរូបិយប័ណ្ណថ្មីនេះ គឺជាចំណុចស្នូលអាទិភាពមួយរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនខ្លាំង BRCIS។ ថ្នាក់ដឹកនាំរូបនេះអះអាងថា បច្ចុប្បន្នក្រុមប្រទេសសមាជិក BRCIS កំពុងបោះជំហានឈានដល់ចំណុចកំណត់បញ្ហា ដែលកំពុងប្រឈមនឹងការអភិវឌ្ឍ​ជាបន្តបន្ទាប់ ដែលជាជំហានមួយដ៏សំខាន់ឈានឆ្ពោះទៅរកការបង្កើតស្ថាប័នហិរញ្ញវត្ថុនេះឡើង ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារក្នុងការទូទាត់ពាណិជ្ជកម្ម។

លោក រីយ៉ាបកូវ បានលើកឡើងអំពីបញ្ហានេះជាថ្មី ក្រោយមានសេចក្តីរាយការណ៍ថា គំនិតផ្តួចផ្តើមបង្កើតធនាគារកណ្តាល BRCIS នេះត្រូវបានគេទុកចោល។ នៅពេញ១ឆ្នាំចុងក្រោយនេះ សម្ព័ន្ធភាពសេដ្ឋកិច្ច BRICS ​កំពុងខិតខំអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុរួមរបស់ខ្លួន។ លោកបានបន្ថែមថា ការបង្កើតធនាគារកណ្តាល និងរូបិយប័ណ្ណរួមនេះ គឺជាកត្តាសំខាន់បំផុតមួយ ដើម្បីបង្កើតទ្រព្យសម្បត្តិរួម និងពង្រឹងឯករាជ្យភាពរបស់ក្រុមប្រទេសសមាជិកក្នុងប្លុកនេះ។ សម្ព័ន្ធភាពដែលមានអាយុកាល១៥ឆ្នាំនេះ ទើបពង្រីកទំហំកិច្ចសហប្រតិបត្តិការទ្វេដង លើផ្នែកនេះ ហើយការអភិវឌ្ឍដ៏សំខាន់នេះទំនងជាត្រូវការពេលវេលាខ្លះ ដើម្បីសម្រេចបាន។

ក្រុមប្រទេសស្ថាបនិកសម្ព័ន្ធសេដ្ឋកិច្ច BRICS នេះ បានផ្តួចផ្តើមបង្កើតនៅឆ្នាំ២០០១ ហើយក្រោយមកក៏បង្កើតជាផ្លូវការនៅថ្ងៃទី១៦ ខែមិថុនា ឆ្នំា២០០៩ ជាមួយសមាជិកស្ថាបនិកចំនួន៥ប្រទេស រួមមាន រុស្ស៊ី ចិន ឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ហើយបច្ចប្បន្នមានសមាជិកសរុបចំនួន៩ ដោយបានបន្ថែមអ៊ីរ៉ង់ អេស៊ីប អេត្យូពី និងសហភាពអារ៉ាប់។

ក្រុមប្រទេសនេះ មានប្រជាជនសរុប៤៥% ក្នុងចំណោមប្រជាជនសរុបនៅលើពិភពលោក ដែលមានសក្តានុពលសេដ្ឋកិច្ចប្រមាណ២៨ទ្រីលានដុល្លារ ពោលគឺប្រមាណ២៧%នៃអត្រាផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕