Alynana Media Cambodia
Icon Collap
clinic narit

មហាយក្សចិន កំពុងប្រើប្រាស់ក្រុមប្រទេស BRICS ជាថ្នាំបន្សាបពិសទណ្ឌកម្មដែលដាក់ដោយលោកខាងលិច

Media LNN | Jun 14, 2024
មហាយក្សចិន កំពុងប្រើប្រាស់ក្រុមប្រទេស BRICS ជាថ្នាំបន្សាបពិសទណ្ឌកម្មដែលដាក់ដោយលោកខាងលិច
Clinic narith

ក្រោមឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចរបស់មហាយក្សចិន ក្រុមប្រទេស BRICS នឹងក្លាយជាប្រភពនៃចរន្ត និងចលករសេដ្ឋកិច្ច នយោបាយសាកលមួយដ៏សកម្មនៅពេលខាងមុខ។ ក្រុមប្រទេស BRICS នឹងក្លាយច្រកដ៏មានសក្តានុពលមួយដែលចិននឹងប្រើប្រាស់ដើម្បីបន្តរក្សាតួនាទី និងពង្រឹងឥទ្ធិពលនៅលើពិភពលោក។ ពាក់ព័ន្ធនឹងគោលដៅនេះ ប្រមុខការទូតចិនបាននិយាយយ៉ាងច្បាស់ថា ក្រុមប្រទេស BRICS ត្រូវតែពង្រឹងការទទួលខុសត្រូវរបស់ខ្លួននៅក្នុងចរន្ត នៃសាកលភាវូបនីយកម្មតំបន់ និងពិភពលោក។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយកាលពីថ្ងៃអង្គារទី១១ ថា ប្រទេសចិន បានជំរុញឱ្យប្លុកនៃប្រជាជាតិ BRICS ទទួលយកការទទួលខុសត្រូវកាន់តែច្រើន និងពង្រឹងសមត្ថភាពបន្ថែម ហើយប្រែក្លាយខ្លួនឯងជាចលករមួយដ៏ចម្បងនៅលើពិភពលោក។ ការលើកឡើងបែបនេះធ្វើឡើងក្រោយ ចិន កំពុងស្ថិតក្នុងដង្កៀបនៃការរឹតត្បិត និងរងសម្ពាធសេដ្ឋកិច្ចជាបន្តបន្ទាប់ពីសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត។

ក្រៅពីអាម៉េរិក បង្កើនបញ្ជីមុខទំនិញបង្កើនពន្ធ ក្រុមហ៊ុនចិនជាច្រើនបានប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសហគមន៍លោកខាងលិច ជុំវិញការគាំទ្ររបស់ចិន ចំពោះសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន ហើយនៅពេលនេះគណៈកម្មការអឺរ៉ុប គ្រោងនឹងប្រកាសពន្ធបន្ថែមទៀតលើរថយន្តអគ្គិសនីរបស់ចិន ក្នុងគោលបំណងការពារក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប។

ក្រៅពីនេះ ក្រុមប្រទេសប្រជាធិបតេយ្យ G7 ក៏ត្រូវបានគេរំពឹងថា នឹងផ្ញើការព្រមានដ៏តឹងរ៉ឹងមួយទៅកាន់ធនាគារនានារបស់ចិន ឲ្យបញ្ឈប់ការជួយប្រទេសរុស្ស៊ី ឱ្យគេចចេញពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក វ៉ាង យី បាននិយាយនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសក្រុមប្រទេស BRICS នៅទីក្រុងនីស្នី នូវហ្គោរូត (Nizhny Novgorod) នៅប្រទេសរុស្ស៊ីថា គោលនយោបាយនិងបញ្ហាសេដ្ឋកិច្ចរបស់ក្រុមប្រទេស BRICS វានឹងរីកចម្រើនរួមគ្នា ហើយនឹងដើរទន្ទឹមគ្នាជាមួយនឹងការដាក់ទណ្ឌកម្មជាឯកតោភាគី និងឧបសគ្គខាងបច្ចេកវិទ្យានានារបស់លោកខាងលិច។

សម្រាប់ប្រមុខរដ្ឋាភិបាលចិន ក្រុមប្រទេស BRICS ត្រូវតែកសាងប្លុកនេះឱ្យក្លាយជាយន្តការកិច្ចសហប្រតិបត្តិការពហុភាគីថ្មី ហើយត្រូវជំរុញចលនាទីផ្សារនិយម ដែលកំពុងរីកចម្រើន ដើម្បីលើកកម្ពស់កិត្យានុភាពប្រទេសកំពុងអភិវឌ្ឍន៍។

មកដល់ពេលនេះក្រុមប្រទេស BRICS ដែលកកើតឡើងដោយ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង បានកំពុងតែពង្រីកសមាជិកដល់អេហ្សីប អារ៉ាប់រួម អ៊ីរ៉ង់ និងអេត្យូពី ។ ក្រុមប្រទេសទាំងនេះមានបំណងទប់ទល់នឹងការត្រួតត្រារបស់លោកខាងលិច ស្របពេលដែលប្រទេសនានា ដោយរូមទាំងប្រទេសអាស៊ានខ្លះក៏កំពុងតែចាប់អារម្មណ៍នឹងប្លុកនេះផងដែរ៕