Alynana Media Cambodia
Icon Collap
clinic narit

ប្លុកប្រទេស BRICS កាត់បន្ថយការទូទាត់ពាណិជ្ជកម្មជាប្រាក់ដុល្លារអាម៉េរិក និងប្រាក់អឺរ៉ូ យ៉ាងច្រើនមកនៅក្រោម៣០%

Media LNN | Oct 14, 2024
ប្លុកប្រទេស BRICS កាត់បន្ថយការទូទាត់ពាណិជ្ជកម្មជាប្រាក់ដុល្លារអាម៉េរិក និងប្រាក់អឺរ៉ូ យ៉ាងច្រើនមកនៅក្រោម៣០%
Clinic narith

ប្លុកប្រទេស BRICS ដែលមានសមាជិកស្ថាបនិកចំនួន៥ រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា មហាយក្សចិន និងអាហ្វ្រិកខាងត្បួង នៅពេលនេះ បានធ្វើប្រតិបត្តិការទូទាត់ពាណិជ្ជកម្មរហូតដល់ទៅ៦៥% ជារូបិយប័ណ្ណក្នុងស្រុក ខណៈដែលប្រតិបត្តិការទូទាត់ជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូធ្លាក់ចុះខ្លាំងមកនៅក្រោម៣០% ហើយនេះឆ្លុះបញ្ចាំងពីការងាកចេញកាន់តែឆ្ងាយពីប្រព័ន្ធហិរញ្ញវត្ថុរបស់លោកខាងលិច ដែលជំរុញដោយទណ្ឌកម្ម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក អែនតុន ស៊ីលូអាណូវ (Anton Siluanov) បានអះអាងថា ការទូទាត់ពាណិជ្ជកម្មដោយប្រើប្រាក់ដុល្លារអាម៉េរិក និងប្រាក់អឺរ៉ូ ក្នុងប្លុកប្រទេស BRICS បានធ្លាក់ចុះយ៉ាងខ្លាំងមកនៅក្រោម៣០%ប៉ុណ្ណោះនៅពេលនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន TASS។

ថ្លែងនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន លោក អែនតុន ស៊ីលូអាណូវ (Anton Siluanov) បានអះអាងថា ការទូទាត់ពាណិជ្ជកម្មជារូបិយប័ណ្ណជាតិ ក្នុងប្លុកប្រទេស BRCIS មានចំណែកគ្របដណ្ដប់រហូតដល់ទៅ៦៥% ឯណោះ។ ជាមួយគ្នានេះ ប្លុកប្រទេស BRICS ក៏កំពុងបង្កើនការប្រើប្រាស់រូបិយប័ណ្ណជាតិ និងរូបិយប័ណ្ណរូប៊ល (Ruble) របស់រុស្ស៊ី ដោយ៦៥%នៃការទូទាត់ពាណិជ្ជកម្មក្នុងប្លុកនេះត្រូវបានធ្វើឡើងជារូបិយប័ណ្ណជាតិ និងរូបិយប័ណ្ណរូប៊ល។

និន្នាការនេះបានបង្ហាញពីការផ្លាស់ប្ដូរយ៉ាងសម្បើមរបស់បណ្តាប្រទេសក្នុងប្លុក BRICS ឆ្ពោះទៅរកការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករបស់ពួកគេ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធហិរញ្ញវត្ថុរបស់លោកខាងលិច។

ប្លុកប្រទេស BRICS មានឥទ្ធិពលកាន់តែខ្លាំងឡើងទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ក្រោយពីដាក់បញ្ចូលសមាជិកបន្ថែមជាច្រើនប្រទេស រួមមានអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម កាលពីខែមករា ដើមឆ្នាំ២០២៤ នេះ។

និន្នាការនេះគាំទ្រដល់យុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ប្លុកប្រទេស BRICS ក្នុងការធ្វើបដិដុល្លារនីយកម្ម ឬឈប់ប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ។ យុទ្ធនាការធ្វើបដិដុល្លារនីយកម្មបានបង្កើនល្បឿនកាន់តែខ្លាំងដោយសារការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។

តាមរយៈការប្រើរូបិយប័ណ្ណជាតិ ដើម្បីទូទាត់ពាណិជ្ជកម្ម ប្លុកប្រទេស BRICS កំពុងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការពារខ្លួនពីទណ្ឌកម្មរបស់លោកខាងលិច៕