ប្លុកប្រទេស BRICS និងបណ្ដាសម្ព័ន្ធមិត្តថ្មីៗរបស់ខ្លួនបាននិងកំពុងសម្រុកទិញចូលមាសយ៉ាងសម្បើមមិនធ្លាប់មាន ដែលបានធ្វើឱ្យរង្គោះរង្គើដល់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោក និងធ្វើឱ្យបណ្ដាវិនិយោគិនលោកខាងលិចពិបាកនឹងតាមទាន់ ខណៈដែលបណ្ដាធនាគារលោកខាងលិច មួយចំនួនបែរជាបន្តលក់ចេញមាសទៅវិញ។ បើទោះបីជាលោកខាងលិច កំពុងបង្ហាញសញ្ញាភ្ញាក់ខ្លួន ដោយបានបង្កើនការវិនិយោគលើមូលនិធិជួញដូររូបិយប័ណ្ណ (ETFs) កាលពីអំឡុងខែកញ្ញា យ៉ាងណាក្ដី ក៏មជ្ឈដ្ឋានជាច្រើនយល់ថា វាអាចយឺតពេលទៅហើយ។
ខណៈដែលអតិផរណាហក់ឡើងខ្ពស់ ហើយអស្ថិរភាពសេដ្ឋកិច្ចក៏ចេះតែកើនឡើងគួរឱ្យព្រួយបារម្ភ មាសដែលជាទ្រព្យសកម្មដ៏មានសុវត្ថិភាពពិតមានសារសំខាន់ខ្លាំងណាស់នៅក្នុងការទប់ទល់នឹងស្ថានការណ៍បែបនេះ ហេតុដូច្នេះហើយបានជាប្លុកប្រទេស BRICS និងបណ្ដាសម្ព័ន្ធមិត្តថ្មីៗរបស់ខ្លួនបាននិងកំពុងសម្រុកទិញចូលមាសយ៉ាងសម្បើមមិនធ្លាប់មាន។
នៅចុងខែតុលា ឆ្នាំ២០២៤ នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃប្លុកប្រទេស BRICS+ ជាលើកដំបូងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា នៅទីក្រុងកាហ្សាន (Kazan) ប្រទេសរុស្ស៊ី។ នៅក្នុងកិច្ចប្រជុំកំពូលនេះ សមាជិកស្ថាបនិកនៃប្លុកប្រទេស BRICS រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង នឹងដាក់បញ្ចូលប្រទេសអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមអេមីរ៉ាត ជាសមាជិកនៃប្លុកប្រទេស BRCIS ជាផ្លូវការ។
ជាមួយនឹងការបញ្ចូលសមាជិកបន្ថែមលើកនេះ ប្លុកប្រទេស BRICS+ នឹងតំណាងឱ្យជាង៤០%នៃចំនួនប្រជាជនសរុបទូទាំងពិភពលោក ដែលនឹងក្លាយជាគូប្រជែងដ៏ធំចំពោះប្រព័ន្ធហិរញ្ញវត្ថុពិភពលោកដែលដឹកនាំដោយលោកខាងលិច។
ប្លុកប្រទេស BRICS អះអាងថា ប្រទេសជាង៣០ផ្សេងៗគ្នាបានបង្ហាញចំណាប់អារម្មណ៍ចង់ចូលជាសមាជិករបស់ខ្លួនដែរ។
ពេលនេះ មាសគឺជាផ្នែកសំខាន់មួយនៃផែនការរបស់ប្លុកប្រទេស BRICS ដើម្បីប្រជែងនឹងឥទ្ធិពលសេដ្ឋកិច្ចរបស់លោកខាងលិច។ ប្លុកប្រទេស BRICS+ កំពុងតែប្រើប្រាស់មាសដើម្បីធ្វើពិពិធកម្មទុនបម្រុងអន្តរជាតិរបស់ពួកគេ និងដើម្បីការពារទប់ទល់នឹងអតិផរណាដែលបង្ហាញពីបំណងរបស់ប្លុកនេះក្នុងការផ្លាស់ប្តូរប្រព័ន្ធពាណិជ្ជកម្ម និងហិរញ្ញវត្ថុពិភពលោក។
សរុបជារួម គឺប្លុកប្រទេស BRICS មានគោលបំណងបន្សាបឥទ្ធិពលរបស់លោកខាងលិច និងបង្កើតប្រព័ន្ធហិរញ្ញវត្ថុថ្មីដើម្បីជំនួសប្រព័ន្ធហិរញ្ញវត្ថុពិភពលោកដែលដឹកនាំដោយលោកខាងលិច៕