Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុត BYD បើករោងចក្រផលិតរថយន្តអគ្គិសនីនៅថៃមុនគ្រោងមកបើកនៅកម្ពុជា

Media LNN | Jul 06, 2024
ក្រុមហ៊ុត BYD បើករោងចក្រផលិតរថយន្តអគ្គិសនីនៅថៃមុនគ្រោងមកបើកនៅកម្ពុជា
Clinic narith

ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់មហាយក្សចិន បានបើករោងចក្រទី១ នៅក្នុងប្រទេសថៃ ដែលជារោងចក្រដំបូងរបស់ខ្លួននៅក្នុងតំបន់អាស៊ាន ដើម្បីក្ដោបក្ដាប់ចំណែកទីផ្សារនៅក្នុងតំបន់នេះ ដែលជាទីផ្សាររថយន្តអគ្គិសនីមានការរីកចម្រើនយ៉ាងឆាប់រហ័ស មុននឹងមកបើករោងចក្រនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

លោក វ៉ាង ឈាន់ហ៊្វូ (Wang Chuanfu) ដែលជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន BYD បានលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើររោងចក្រដំបូងរបស់ខ្លួននៅប្រទេសថៃថា ប្រទេសថៃ មានចក្ខុវិស័យច្បាស់លាស់លើវិស័យរថយន្តអគ្គិសនី ហើយកំពុងឈានចូលយុគសម័យថ្មីនៃការផលិតរថយន្ត ដូច្នេះក្រុមហ៊ុនលោកនឹងនាំយកបច្ចេកវិទ្យាដ៏ទំនើបពីប្រទេសចិន មកកាន់ប្រទេសថៃ។

ដោយមានការបន្ធូរបន្ថយពន្ធ និងការឧបត្ថម្ភធនពីសំណាក់រដ្ឋាភិបាលថៃ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនានារបស់ចិន កំពុងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ជាង១,៤ពាន់លានដុល្លារអាម៉េរិក នៅក្នុងប្រទេសថៃ ដើម្បីបង្កើតរោងចក្រ ដោយរួមទាំងរោងចក្ររបស់ក្រុមហ៊ុន BYD នេះផងដែរ។

សូមបញ្ជាក់ថា ភាគហ៊ុនចុះបញ្ជីនៅទីក្រុងហុងកុងរបស់ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតរបស់ពិភពលោកបានហក់ឡើង១,៦% ឈានដល់២៣៥ដុល្លារហុងកុង ឬ៣០ដុល្លារអាម៉េរិកក្នុង១ហ៊ុន បន្ទាប់ពីបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលមួយសប្តាហ៍មកនេះ។

ប្រទេសថៃ គឺជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តថ្នាក់តំបន់ ហើយត្រូវបានគ្រប់គ្រងជាយូរមកហើយដោយក្រុមហ៊ុនផលិតរថយន្តជប៉ុន ដូចជាក្រុមហ៊ុន Toyota Motor ក្រុមហ៊ុន Honda Motor និងក្រុមហ៊ុន Isuzu Motors ជាដើម។

ក្រៅពីប្រទេសថៃ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិនមួយ ក៏ទំនងជាអាចបើករោងចក្រផលិតរថយន្តនៅកម្ពុជា ផងដែរ។ ជាក់ស្តែងនាពិធីជួយសំណេះសំណាលមួយកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ក្រុមហ៊ុន BYD គ្រោងនឹងបើករោងចក្រផលិតរថយន្តនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុន Ford ក្រុមហ៊ុន Toyota និងក្រុមហ៊ុន Hyundai៕​​