ថ្នាក់ដឹកនាំក្រុមហ៊ុនរថយន្តអគ្គិសនី BYD និងក្រុមហ៊ុន Sun Wah កាលពីពេលកន្លងទៅថ្មីៗសុទ្ធតែបានបង្ហាញពីបំណងចង់វិនិយោគលើការសាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។ តើគម្រោងចង់សាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា របស់ក្រុមហ៊ុន BYD និងក្រុមហ៊ុន Sun Wah មានការវិវត្តដល់ណាហើយ?
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា មកទល់ពេលនេះគម្រោងសាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន BYD និងក្រុមហ៊ុន Sun Wah កំពុងស្ថិតក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាពនៅឡើយទេ។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ ក្រុមហ៊ុនទាំងពីរនេះអាចនឹងចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅពេលការសិក្សានានាបានបញ្ចប់រួចរាល់។
មន្រ្តីជាន់ខ្ពស់រូបនេះ ជឿជាក់ថា ប្រសិនបើក្រុមហ៊ុនយក្សទាំងពីរនេះពិតជាសាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជាមែន នោះវានឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងជំរុញ និងអនុវត្តគោលនយោបាយនៃការប្រើប្រាស់រថយន្តអគ្គិសនី។
បើតាមអ្នកនាំពាក្យរូបនេះ បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្តចំនួន៧ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ទេរបច្ចេកវិទ្យា ការផ្ដល់ចំណេះដឹងដល់យុវជន និងវិស្វករកម្ពុជា ដែលរំពឹងថា នៅថ្ងៃអនាគតកម្ពុជានឹងអាចបង្កើតបាននូវធនធានមនុស្សដែលមានជំនាញច្បាស់លាស់នៅក្នុងវិស័យដ៏សំខាន់មួយនេះ។
សូមបញ្ជាក់ថា ពាក់ព័ន្ធវិស័យយានយន្តអគ្គិសនីនៅកម្ពុជា នេះដែរ កាលពីពេលថ្មីៗកម្ពុជា បានដាក់ចេញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយានយន្តអគ្គិសនី ២០២៤-២០៣០ ដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ តាមរយៈគោលនយោបាយនេះ កម្ពុជាដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ឱ្យបានដល់៧៧ម៉ឺនគ្រឿង នៅត្រឹមឆ្នាំ២០៣០ ដោយក្នុងនោះរថយន្តអគ្គិសនីមានចំនួន៣ម៉ឺនគ្រឿង។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤នេះ មានយានយន្តអគ្គិសនី បានចុះបញ្ជីសរុបចំនួន២,៩៦៨គ្រឿង ដោយក្នុងនោះមានទោចក្រយានយន្តចំនួន៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន៤៤០គ្រឿង និងរថយន្តចំនួន១,៦១៤គ្រឿង៕