កំពង់ចាម៖ ផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានប្រវែងសរុបជិត ១១៥ គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៣៧%ហើយ គម្រោងនេះ នឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២៤។
នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ខណៈដែលឯកឧត្ដម បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារនៃគម្រោងសាងសង់ផ្លូវជាតិលេខ៧១C ។
នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីលក្ខណៈបច្ចេកទេសនៃការសាងសង់ផ្លូវនេះដើម្បីគេចផុតពីបញ្ហាទឹកជំនន់ធំផងដែរ ព្រោះភូមិសាស្ត្រខ្លះជាប់នឹងទន្លេមេគង្គ ដែលត្រូវមានការសាងសង់ស្ពានបើកមុខទឹកប្រវែង ៤០០ម៉ែត្រការពារទឹកហូរបុកដាច់ផ្លូវ និងគ្រឹះផ្លូវ។
ផ្លូវជាតិលេខ៧១C ក្រោយបញ្ចប់ការសាងសង់នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា ដែលអាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។
សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវជាតិលេខ៧១C មានប្រវែងសរុប១១៤,៦២គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ SCG និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ាន អាន គ្រោងចំណាយថវិកាសាងសង់ប្រមាណ ១២៩,៩៨ លានដុល្លារអាមេរិក៕