គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រកាសដំណឹង កាលពីថ្ងៃ២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២ថា ក្រុមហ៊ុន Cambodia Airway បានផ្ដល់យន្តហោះពិសេសដឹកជញ្ជូនប្រតិភូកីឡាកម្ពុជាទាំងទៅទាំងមកដោយឥតគិតថ្លៃ សម្រាប់ការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២។
សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ការដឹកជញ្ជូនតាមជើងហោះហើរពិសេស និងឥតគិតថ្លៃនេះ ត្រូវបានធ្វើឡើងក្រោយទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់ការធ្វើដំណើររបស់ប្រតិភូកីឡាកម្ពុជា ចូលរួមការប្រកួតកីឡា SEA Games នៅទីក្រុងហាណូយ ប្រទេសវៀតណាម និងតាមការសម្របសម្រួលពីរដ្ឋលេខា ធិការដ្ឋាន អាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុន Cambodia Airway ។
SEA Games លើកនេះនៅវៀតណាម ដោយហេតុផល នៃការទប់ស្កាត់ និងកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ដែលមិនទាន់ផុតរលត់នៅឡើយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចក្រសួងអប់រំ យុវជន និងកីឡា បានជួបការលំបាក ក្នុងការរៀបចំធ្វើដំណើរ ដោយសារក្នុងព្រឹត្តិការណ៍លើកនេះ ម្ចាស់ផ្ទះបានកំណត់ពេលវេលាសម្រាប់ការទៅដល់ខុសៗគ្នា តាមប្រភេទកីឡាដោយត្រូវទៅដល់មុនពីរថ្ងៃ និងត្រលប់មកវិញមួយថ្ងៃក្រោយចប់ប្រកួត ដែលពិបាករកកៅអីឱ្យគ្រប់តាម ជើងហោះហើរនីមួយៗ និងពិបាកក្នុងការឈប់សំចតច្រើនតាមផ្លូវជាដើម ដែលធ្វើឱ្យកីឡាករយើងចុះខ្សោយកម្លាំង ថាមពលមួយចំនួន។
ប៉ុន្តែពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់ ដោះស្រាយការលំបាកខាងលើនេះ ដោយរៀបចំការធ្វើដំណើរតាមយន្តហោះពិសេស " Charter Flight ” តែម្តង ហើយការធ្វើដំណើរចេញ-ចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ គឺប្រើប្រាស់ច្រក VIP ទាំងអស់។
ក្នុងនាមប្រធានប្រតិភូ និងកីឡាករ កីឡាការិនី មានក្តីរំភើបសប្បាយរីករាយ និងកក់ក្តៅជាទីបំផុត ដែលបានទទួលការធ្វើដំណើរប្រកបដោយផាសុកភាព រក្សាបានសុខភាពផ្លូវកាយ និងចិត្ត ឆ្ពោះទៅការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព គុណផលកីឡា ដើម្បីដណ្ដើមជ័យលាភីមេដាយជូនជាតិ ឱ្យបានច្រើនជាងស៊ីហ្គេមមុនៗ។
ចំពោះប្រតិភូកីឡា ក្រុមរដ្ឋបាល ក្រុមសារព័ត៌មាន ក្រុមកីឡាបាល់ទាត់បុរស-នារី កីឡាប្រដាល់ Kick Boxing កីឡាប្រដាល់គុនខ្មែរ និងកីឡាទូកកានូ-រ៉ូអ៊ីង នឹងចេញដំណើរមុនគេនាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ហើយក្រុមផ្សេងៗទៀត នឹងចេញដំណើរជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ការសម្របសម្រួលដល់ការហោះហើរពិសេសេសនេះ ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រុមជំនាញ សហការជាមួយក្រុមហ៊ុនហោះហើរក្នុងស្រុក កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅក្នុងពិធីសំណេះសំណាល ជាមួយក្រុមប្រតិភូកីឡាកម្ពុជា មុនពេលចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម ៕