(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្ដិ បានថ្លែងថា ជាង២សប្ដាហ៍ ពោលគិតចាប់ពីកម្ពុជាអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ដែលហាមចូលកន្លងមក អាចចូលមកកាន់ប្រទេសជាធម្មតាវិញ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អ្នកដំណើរមកពីក្រៅប្រទេសសរុប ៤,៨៨៨នាក់ ត្រឡប់ចូលមកកម្ពុជា និងបានធ្វើតេស្ដរកមេរោគកូវីដ១៩។
លោកស្រី យក់ សម្បត្ដិ បានថ្លែងថា «ក្នុងចំណោមទាំងជិត៤,៨៨៨នាក់នេះ យើងបានរកឃើញអ្នកដំណើរត្រលប់មកកម្ពុជា តាមអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ គឺវិជ្ជមានកូវីដ១៩ចំនួន៣នាក់ ដែលស្ដ្រីម្នាក់អាយុ៣៦ឆ្នាំ មកពីសហរដ្ឋអាមេរិក តាមជើងហោះហើរកូរ៉េ, បុរសអាយុ២៦ឆ្នាំ មកពីហ្វីលីពីន តាមជើងហោះហើរកូរ៉េដែរ និងយប់មិញនេះ បានរកឃើញ១ករណីវិជ្ជមានកូវីដ១៩ លើបុរសម្នាក់ អាយុ៣០ឆ្នាំ ត្រលប់មកពីបារាំង»។
លោកស្រី យក់ សម្បត្ដិ បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះទៀតថា «គិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដល់យប់ថ្ងៃទី០៦ ខែមិថុនា អ្នកដំណើរគ្រប់ជាតិសាសន៍ទាំងអស់ សរុប ៤,៨៨៨នាក់ ដែលបានធ្វើដំណើរមកពីបណ្ដាប្រទេសផ្សេងៗត្រលប់មកកម្ពុជា ហើយរាល់អ្នកដំណើរទាំងអស់ គឺត្រូវបានធ្វើតេស្ដរកមេរោគកូវីដ១៩ ដោយមិនលើកលែងនរណាម្នាក់ឡើយ»។
វិធានការបន្ដរបស់ក្រសួងសុខាភិបាល និងគណៈកម្មការអន្ដរក្រសួង នៅតែបន្ដការរឹតបន្ដឹងរាល់អ្នកដំណើរទាំងអស់ ដែលមានបំណងត្រលប់ចូលមកកម្ពុជា មិនថាភ្ញៀវជាតិ និងអន្ដរជាតិនោះទេ ឱ្យតែចូលកម្ពុជាគ្រប់ច្រកចេញចូលទាំងអស់ ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក យើងនៅតែរឹតបន្ដឹង ឱ្យគោរពទៅតាមវិធានការរបស់ក្រសួងសុខាភិបាល នឹងគោរពនូវគោលការណ៍ណែនាំដ៏មានប្រសិទ្ធិភាព ក្នុងការការពារ ទប់ស្កាត់ជំងឺកូវីដ១៩នេះ កុំឱ្យមានការរាតត្បាតចូលក្នុងសហគមន៍ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី។
លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា «ថ្មីៗនេះ ដោយសារតែអ្នកដំណើរត្រលប់មកកម្ពុជាកាន់ច្រើន ក្រសួងបានរៀបចំកន្លែងសម្រាប់យកសំណាក ដើម្បីធ្វើតេស្ដរកមេរោគកូវីដ១៩ភ្លាមៗតែម្ដងក្នុងបរិវេនព្រលានយន្ដហោះ ដែលមានចំនួន១០ទីតាំង។ មធ្យោបាយនេះ គឺវិធានការមួយងាយស្រួលដល់អ្នកដំណើរ និងការពិនិត្យនៅមន្ទីរពិសោធន៍ យើងអាចចំណេញទាំងពេលវេលា ក្នុងការទទួលបានលទ្ធផលលឿន ក្នុងរយៈពេល២៤ម៉ោងលើ២៤ម៉ោងផងដែរ»។
លោកស្រីបន្ដថា «ជាក់ស្ដែង ដូចក្នុង១ករណីរកកូវីដ១៩ នៅថ្ងៃនេះ គឺគាត់ចូលមកកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា យើងធ្វើតេស្ដគាត់តែម្ដង តែអវិជ្ជមានកូវីដ១៩ ហើយយើងបន្ដឱ្យគាត់ធ្វើចត្ដាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមមូលដ្ឋាន ក្រោមការសង្គេតរបស់អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ រហូតដល់ថ្ងៃត្រូវយកសំណាកធ្វើតេស្ដជាលើកទី២ ក្នុងរយៈពេលចត្ដាឡីស័ក១៤ថ្ងៃ យើងបានរកឃើញ វិជ្ជមានកូវីដ១៩តែម្ដង»។
ជាមួយគ្នានោះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមចូលរួមអនុវត្ដវិធានការការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ នឹងជំងឺកូវីដ១៩ ត្រូវលាងដៃ និងសំអាតខ្លួនស្អាតជានិច្ច ពាក់ម៉ាស ឬប្រើប្រាស់ក្រមា ពេលចាំបាច់ រួមទាំងរក្សាគម្លាតបុគ្គល និងសង្គមពេលនៅទីប្រជុំជនផងដែរ។
សូមជម្រាបថា នៅព្រឹកនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យដឹងពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មួយករណីថ្មីទៀត។ មួយករណីថ្មីនេះ កើតលើប្រជាពលរដ្ឋខ្មែរ មានសញ្ជាតិបារាំង រស់នៅខណ្ឌសែនសុខ។
បើតាមក្រសួងសុខាភិបាល បុរសដែលរកឃើញមានមេរោគកូវីដ១៩នេះ បានធ្វើដំណើរចាកចេញពីប្រទេសបារាំង តាមជើងហោះហើរពីកូរ៉េខាងត្បូង ចូលមកកម្ពុជា។ បុរសរូបនេះ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ហើយត្រូវបានធ្វើតេស្តរកឃើញជំងឺកូវីដ១៩នៅថ្ងៃទី០៦ ខែមិថុនា។
សរុបទាំងករណីថ្មីមួយករណីនេះផង កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួន ១២៦នាក់ហើយ។ ក្នុងនោះអ្នកជំងឺ ១២៣នាក់បានព្យាបាលជាសះស្បើយ ហើយអ្នកជំងឺ ៣នាក់ កំពុងសម្រាកព្យាបាលជំងឺ៕