ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការចុះអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខា ដោយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា។អនុស្សរណៈយោគយល់គ្នានេះ ផ្ដល់នូវយន្តការនិងក្របខ័ណ្ឌមួយ ដើម្បីធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងការជំរុញនិងផ្ដល់កិច្ចសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានមានប្រសាសន៍ថា ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា មានសេចក្តីរីករាយក្នុងការចុះអនុស្សរណៈយោគយល់គ្នានេះ ដើម្បីរួមគ្នាលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ឲ្យកាន់តែមានសក្ដានុពលថែមមួយកម្រិតទៀត។ ឯកឧត្តមបន្តថា ជាការពិត ការចុះហត្ថលេខាជាការងាយស្រួល ប៉ុន្ដែការលំបាកគឺការអនុវត្តការងារដែលបានកំណត់ក្នុងផែនការសកម្មភាពដែលបានដាក់ចេញ។ យ៉ាងណាក៏ដោយ ឯកឧត្តមមានសុទិដ្ឋិនិយមថា ស្ថាប័នទាំង២ នឹងអនុវត្តការងារនេះបានជោគជ័យ ឈរលើគោលការណ៍នៃភាពជាដៃគូ។ លើសពីនោះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានផ្តល់យោបល់ឲ្យសមាគមឧកញ៉ា ត្រៀមខ្លួនផងដែរ ដើម្បីចូលរួមក្នុងកិច្ចសន្ទនាសំខាន់ៗ ជាមួយសមាគមពាណិជ្ជកម្មផ្សេងៗ ទៀតទាំងក្នុង និងក្រៅប្រទេស។
សូមបញ្ជាក់ថា នៅរយៈពេល ៤ខែឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ៦៥គម្រោង ដែលមានទំហំវិនិយោគសរុបជាង ៥៨៨លានដុល្លារ ដែលគម្រោងវិនិយោគបានកើនឡើងចំនួន ៥គម្រោង បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ វិនិយោគិនមកពីប្រទេសចិន បានស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ដែលបានវិនិយោគច្រើនជាងគេនៅកម្ពុជា ដោយបានក្ដោបក្ដាប់រហូតជិត ៦០ភាគរយនៃគម្រោងវិនិយោគសរុប៕