(ភ្នំពេញ)៖ ក្រុមថ្នាក់ដឹកនាំ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) និងសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា(ស.ស.ស.ក) សម្រេចជាគោលការណ៍គាំទ្រគ្នាទៅវិញទៅមក ក្នុងបំណងជំរុញបេសកកម្ម រួមបណ្តុះបណ្តាលជំនាញសរសេរ និងផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច នៅកម្ពុជាឱ្យបានទូលំទូលាយ និងប្រកបដោយវិជ្ជាជីវៈ។
ខ្ញុំឯកភាពជាគោលការណ៍គាំទ្រ បេសកកម្មរបស់សមគម(CEMEA)នេះ ដោយអនុញ្ញាតឱ្យប្រើប្រាស់ការិយាល័យ ស.ស.ស.ក ដោយមិនគិតថ្លៃ សម្រាប់ការបណ្តុះបណ្តាលតូចឬធំ”។ នេះបើតាមប្រសាសន៍ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដែលបានបញ្ជាក់ពេលជំនួបពិភាក្សានារសៀលថ្ងៃពុធ ៧ សីហា កន្លងមកនេះ។
ជាការពិតណាស់ ផែនការសកម្មភាពសំខាន់ៗ ខាងលើអាចប្រឈមកង្វះហិរញ្ញវត្ថុគាំទ្រ ប៉ុន្តែដោយមានការសហការគាំ ទាំងស្មារតី និងលទ្ធភាពពីសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា ដំណើរការជំរុញបេសកកម្ម របស់សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាអាចទៅមុខបាន។
លោកហ៊ុយ វណ្ណៈបានបញ្ជាក់ថា “គ្រប់យ៉ាងតែមានការលំបាកនៅពេលចាប់ផ្តើម ប៉ុន្តែទោះជារូងភ្នំងងឹតប៉ុណ្ណា ក៏គង់តែមានពន្លឺបន្តិចបន្តូចដែរ”។
ទាក់ទិននឹងលទ្ធភាពរក្សាបាន នូវនិរន្តរភាពស្ថាប័ន លោកហ៊ុយ វណ្ណៈ បានចែករំលែកបទបទពិសោធន៏ របស់លោក
ថា “កម្មវិធីរាត្រីស្រមោលសមួយ” គួររួមគ្នារៀបចំដើម្បីគៀងគថវិកាពីសប្បុរសជន ក្នុងគោលបំណងប្រើប្រាស់សម្រាប់គោលដៅបេសកកម្មបណ្តុះបណ្តាល ធនធនមនុស្សសរសេរព័ត៌មានសេដ្ឋកិច្ចនៅកម្ពុជា។ ភាគីទាំងពីរសង្ឃឹមថា នឹងពិតត្យសិក្សាគំនិតផ្តួចផ្តើមនេះ។
បើតាមលោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាបានឲ្យដឹងថា សមាគម CEMEA និងសមាគមសហព័ន្ធភា្នក់ងារសេវាកម្មពន្ធដារកម្ពុជា (CTAFA) កំពុងរៀបចំវគ្គបណ្តុះបណ្តាល អ្នកសារព័ត៌មានសេដ្ឋកិច្ច ជាង១០០នាក់ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ១៥ ខែសីហា ក្រោមការជ្រោមជ្រែងពីក្រសួងព័ត៌មាន។
តាមផែនការសកម្មភាពរបស់សមាគម CEMEA មានគម្រោងបណ្តុះបណ្តាល អ្នកសារព័ត៌សេដ្ឋកិច្ចចំនួន៣វគ្គ ចន្លោះពីខែ សីហា ដល់ខែ ធ្នូ ២០២៤ ហើយគ្រោងរៀបចំកម្មវិធីជជែកដេញដោល (Dialogue) ចំនួន១២ដងនៅក្នុងឆ្នាំ ២០២៥។ នេះបើតាមលោក សយ សុភា អនុប្រធានសមាគម CEMEA។
ចំណែកលោក អ៊ំ សារ៉ាវុធ ប្រធានសមាគម CTAFA បានមានប្រសាសន៍ថា លោករីករាយសហការ បណ្តុះបណ្តាលអ្នកសារព័ត៌មានកម្ពុជា ឱ្យមានការយល់ដឹងស៊ីជម្រៅអំពីកាតព្វកិច្ចសម្រាប់អាជីវកម្ម។
លោកថ្លែងថា “អ្នកសារព័ត៌មានគប្បីយល់ និងសរសេរពន្យល់អំពីចំណេះដឹងហិរញ្ញវត្ថ និងពន្ធដារ”។ លោកថ្លែងថា “ខ្ញុំយល់ថា ម្ចាស់អាជីវកម្ម នឹងមិនភ័យក្លាចទៀតទេ នៅពេលដែលពួកគាត់យល់ពីច្បាប់ និងកាតព្វកិច្ច”។
ក្នុងក្របខណ្ឌវិស័យសារព័ត៌មាន ក្នុងពិភពលោក តំបន់ និយាយជារួម និងវិស័យសារព័ត៌នៅកម្ពុជានិយាយដោយឡែក បានឈានចូលក្នុងយុគថ្មីមួយ ដែលធ្លាក់គុណតម្លៃ និងមានឱនភាពខាងហិរញ្ញវត្ថុ។
លោក វណ្ណៈ បានមានប្រសាស៍ថា ស្ថាប័នរដ្ឋ និងឯកជនហាក់មានតម្រូវតិចតួច ក្នុងការចំណាយប្រាក់ឱ្យសារព័ត៌មានផ្សាយ។ ប៉ុន្តែទោះជាយ៉ាងណា លោកមានសុទិដ្ឋិនិយមថា “ដរាមណាយើងខ្លាំង គេនឹងមករកយើង ជាធម្មតាគេមិនប្រើប្រាស់ស្ថាប័នដែលខ្សោយឡើយ”៕