រដ្ឋបាលរបស់លោក ចូ បៃដិន បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនប្រេង Chevron Corp ដើម្បីបន្តការផលិតប្រេងឡើងវិញនៅក្នុងប្រទេសវេណេស៊ុយអេឡាឡើងវិញហើយ បន្ទាប់ពីអាមេរិកបានដាក់ទណ្ឌកម្មប្រទេសវេណេស៊ុយអេឡា ដោយបានបញ្ឈប់សកម្មភាពខួងយកប្រេងរបស់ក្រុមហ៊ុន Chevron ទាំងអស់កាលពីជិតបីឆ្នាំមុន។
ការបន្ធូរបន្ថយនេះបានធ្វើឡើងបន្ទាប់ពីការបន្តការចរចាឡើងវិញដោយក្រុមបក្សនយោបាយនៅវេណេស៊ុយអេឡាកាលពីថ្ងៃទី ២៦ខែវិច្ឆិកា ជាមួយកិច្ចព្រមព្រៀងដើម្បីធ្វើការរួមគ្នាលើផែនការចំណាយសម្រាប់មនុស្សធម៌។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមហ៊ុន Chevron បានទទួលអាជ្ញាបណ្ណរយៈពេល៦ខែពីការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេសរបស់សហរដ្ឋអាមេរិក (OFAC) ដែលអនុញ្ញាតឱ្យក្រុមហ៊ុននេះបន្ដការផលិតប្រេងឆៅ និងផលិតប្រេងសាំងនៅក្នុងគម្រោងរបស់ខ្លួននៅក្នុងប្រទេសវេណេស៊ុយអេឡា។ ទោះបីជា កន្លងមកគ្មានការអនុញ្ញាតពីការខួងយកប្រេងថ្មី ក្រុមហ៊ុននេះនៅតែអាចជួសជុល និងថែទាំអណ្ដូងប្រេងបានយ៉ាងល្អដដែល។ នេះបើតាមអាជ្ញាបណ្ណទូទៅពីក្រសួងរតនាគារសហរដ្ឋអាមេរិក។
នៅឆ្នាំ២០២០ គឺមុនពេលសហរដ្ឋអាមេរិកបានបញ្ជាឱ្យបញ្ឈប់ប្រតិបត្តិការខួងយករ៉ែទាំងស្រុងនៅប្រទេសវេណេស៊ុយអេឡានោះ ចំណែកក្នុងការផលិតប្រេងឆៅរបស់ក្រុមហ៊ុន Chevron នៅវេណេស៊ុយអេឡា គឺមានចំនួន១ម៉ឺន៥ពាន់បារ៉ែលក្នុងមួយថ្ងៃគឺតិចជាងការផលិតប្រេងនៅអណ្តូងប្រេងតែមួយនៅតំបន់ Permian នៅក្នុងប្រទេសនេះ។
ក្រុមហ៊ុនខួងប្រេង សាន រ៉ាម៉ុន (San Ramon) ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាក៏ត្រូវបានអនុញ្ញាតឱ្យបន្តការនាំចេញប្រេងឆៅដែលត្រូវបានបញ្ឈប់តាំងពីឆ្នាំ២០១៩នៅពេលដែលសហរដ្ឋអាមេរិកបានកំណត់ការដាក់ទណ្ឌកម្មប្រឆាំងប្រទេសផលិតប្រេងរបស់អង្គការ OPEC មួយនេះ។
អ្នកតំណាងក្រុមហ៊ុន Chevron បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា ការសម្រេចចិត្តរបស់អាជ្ញាធរអាមេរិកក្នុងការដកទណ្ឌកម្មនេះ បង្ហាញពីតម្លាភាពបន្ថែមដល់វិស័យប្រេងរបស់វេណេស៊ុយអេឡា ហើយការចេញអាជ្ញាបណ្ណទូទៅលេខ ៤១ នេះមានន័យថា ឥឡូវនេះក្រុមហ៊ុនChevron អាចធ្វើពាណិជ្ជកម្មប្រេងដែលបច្ចុប្បន្នកំពុងត្រូវបានផលិតចេញពីសម្បត្តិប្រេងរួមគ្នារបស់ក្រុមហ៊ុននេះ។
ការបន្ធូរបន្ថយទណ្ឌកម្មនេះបានធ្វើឡើងបន្ទាប់ពីអ្នកសម្រុះសម្រួលន័រវេសបានប្រកាសពីការចាប់ ផ្តើមឡើងវិញនៃកិច្ចចរចានយោបាយរវាងប្រធានាធិបតីលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) និងក្រុមប្រឆាំងនៅចុងសប្តាហ៍នេះ។ ការដែលវេណេហ្ស៊ុយអេឡាវិលទៅរកការចរចាវិញនេះគឺជាលក្ខខណ្ឌដ៏សំខាន់សម្រាប់ការបន្ធូរបន្ថយការទប់ស្កាត់លើការផលិតប្រេងឆៅរបស់ប្រទេសដែលពឹងផ្អែកលើប្រេងមួយនេះ។
អាជ្ញាប័ណ្ណខួងប្រេងជាថ្មីនេះគួរតែរួមចំណែកខ្លះៗក្នុងការកាត់បន្ថយវិបត្តិថាមពលដែលបានជំរុញឱ្យមានអតិផរណា និងកំណើនយឺតនៅទូទាំងពិភពលោក ប៉ុន្តែវាក៏បានជំរុញរបៀបវារៈនយោបាយក្នុងគោលបំណងកំណត់លក្ខខណ្ឌសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤នៅវេណេស៊ុយអេឡាផងដែរ។
នាយកប្រតិបត្តិក្រុមហ៊ុនឈេវើរ៉ុនលោក ម៉ៃ វើត (Mike Wirth) បាននិយាយកាលពីខែតុលាថា វាអាចចំណាយពេលច្រើនខែ និងច្រើនឆ្នាំដើម្បីចាប់ផ្តើមថែទាំ និងកែលម្អអណ្ដូងប្រេងនិងឧបករណ៍ និងផ្លាស់ប្តូរសកម្មភាពវិនិយោគណាមួយ។ គម្រោងមួយចំនួនរបស់ក្រុមហ៊ុន Chevron អាចបង្កើនការ ផលិតប្រេង៣ដងដល់ប្រហែល ២ ម៉ឺនធុងក្នុង១ថ្ងៃ ក្នុងរយៈពេល ៦ ខែទៅ ១ ឆ្នាំ ពោលគឺកើនឡើងពី ១៥ ម៉ឺនធុងនាពេលបច្ចុប្បន្ន។ នេះបើតាមអ្នកដឹងអំពីស្ថានភាពនេះបាននិយាយកាលពីដើមឆ្នាំនេះ។
ផលិតកម្មប្រេងនៅវ៉េណេស៊ុយអេឡាបានស្ទុះងើបឡើងវិញនៅឆ្នាំនេះដល់ ៦៧ ម៉ឺន៩ពាន់បារ៉ែលក្នុងមួយថ្ងៃពោលគឺតិចជាង ២លាន៩សែនបារ៉ែលដែលបានផលិតកាលពីមួយទសវត្សរ៍មុន។ ទិន្នផលប្រេងបានធ្លាក់ចុះបន្ទាប់ពីការដាក់ទណ្ឌកម្ម និងការគ្រប់គ្រងមិនត្រឹមត្រូវទៅលើអណ្តូងប្រេង និងរោងចក្រចម្រាញ់ប្រេងនៅក្រោមច្បាប់សង្គមនិយមរបស់លោក ហ៊ូហ្គោ ឆាវ៉េស និងលោក ម៉ាឌូរ៉ូ៕