ប្រទេសរុស្ស៊ី៖ ទីប្រឹក្សាដ៏លេចធ្លោមួយរូប របស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានលាលែងពីរដ្ឋាភិបាល ហើយត្រូវបាន គេរាយការណ៍ថា បានចាកចេញពីប្រទេសរុស្ស៊ីក្នុងការរត់គេចខ្លួន ជុំវិញការឈ្លានពាន របស់វិមានក្រឹមឡាំង លើប្រទេសអ៊ុយក្រែន ។
យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Anatoly Chubais បេសកជនពិសេស របស់វិមានក្រឹមឡាំង សម្រាប់ទំនាក់ទំនង ជាមួយអង្គការអន្តរជាតិ សម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព ត្រូវបានបញ្ជាក់កាលពីថ្ងៃពុធថា បានចាកចេញពីរដ្ឋាភិបាលរុស្ស៊ីហើយ ។
មនុស្សពីរនាក់ ដែលដឹងពីស្ថានភាព បានប្រាប់ Bloomberg News ដែលបានរាយការណ៍រឿងនេះ ជាលើកដំបូងថា ការលាលែងពីតំណែង របស់លោក Chubais គឺដោយសារ “ការប្រឆាំងរបស់គាត់ ចំពោះសង្រ្គាមរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅអ៊ុយក្រែន” លោក Chubais ឥឡូវនេះត្រូវបានគេរាយការណ៍ថា នៅក្នុងប្រទេស តួកគីជាកន្លែងដែលកាសែត Kommersant បានបោះពុម្ពរូបថតរបស់បុរសម្នាក់ ដែលស្រដៀងនឹងអតីតមន្ត្រី វិមានក្រឹមឡាំង នៅឯកន្លែងដកប្រាក់។ Chubais ត្រូវបានគេអះអាងថា បានឃើញនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៅដើមសប្តាហ៍មុន ៕