Alynana Media Cambodia
Icon Collap
clinic narit

ទោះបីកម្ពុជាដកខ្លួនពី CLV-DTA ក៏ក្រុមប្រឆាំងជ្រុលនិយមបន្តឃោសនាញុះញង់ ដើម្បីកេងចំណេញនយោបាយ

Admin Alynana | Oct 24, 2024
ទោះបីកម្ពុជាដកខ្លួនពី CLV-DTA ក៏ក្រុមប្រឆាំងជ្រុលនិយមបន្តឃោសនាញុះញង់ ដើម្បីកេងចំណេញនយោបាយ
Clinic narith

មណ្ឌលគិរី ៖ ថ្លែងចេញពីខេត្តភូមិភាគឦសាន សម្តេចសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ទោះបីប្រទេសកម្ពុជា ប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA ក៏ដោយ ប៉ុន្ដែក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បន្តឃោសនាញុះញង់ បំភ្លៃការពិត ដើម្បីកេងចំណេញផ្នែកនយោបាយ។

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចសហប្រតិបត្តិការដែលផ្តួចផ្តើមដោយកម្ពុជានេះ ត្រូវបានអនុវត្តរយៈពេល ២៥ឆ្នាំ កន្លងមក។ ការដកខ្លួនេះ ដើម្បី«ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំ សូមយកពេលនេះ លើកឡើងរឿងនេះ (រឿង CLV-DTA) ឥឡូវនៅមានអ្នកនយោបាយមួយចំនួននៅកេងចំណេញ ហើយអតីតបក្សប្រឆាំងត្រៀមដឹកនាំទៅកូរ៉េ ដើម្បីដឹកនាំប្រជាពលរដ្ឋ ដើម្បីបញ្ចេញព័ត៌មានពិត ដើម្បីបន្ដរុញ (បញ្ហា CLV-DTA)។ មូលហេតុអ្វីបានជាយើងដាក់ចេញគោលនយោបាយបែបនេះ (បញ្ចប់ CLV-DTA) ដើម្បីជំរុញការអភិវឌ្ឍខេត្តភូមិភាគឦសាន របស់យើង»។

សម្តេចបវរធិបតី បានបញ្ជាក់សារជាថ្មីថា កិច្ចសហប្រតិបត្តិការ CLV-DTA មិនមែនជាគម្រោង ដើម្បីកាត់ទឹកដីឱ្យប្រទេសជិតខាងឡើយ។ ផ្ទុយទៅវិញ រយៈពេល ២៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការនេះ ខេត្តភាគឦសានរបស់ប្រទេសកម្ពុជា ទទួលបានផលប្រយោជន៍ជាច្រើន។

សម្តេចបវរធិបតី បន្ដថា អ្នកនយោបាយប្រឆាំងនៅតែមានមហិច្ឆតា យកកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើជាអាជីវកម្មនយោបាយ កេងយកផលចំណេញ។

សម្តេចបវរធិបតី មានប្រសាសន៍ថា «ខ្ញុំ សូមយកឱកាសនេះ ឈរលើកទឹកដីភាគឦសាន អ្វីជាការគួរអស់សំណើច ទោះបីជាយើងបានបញ្ជាក់ យើងបានបញ្ចប់ បងប្អូនក៏បានដឹងរាជរដ្ឋាភិបាល បញ្ឈប់ការចូលរួម ប៉ុន្ដែនៅមានអ្នកនយោបាយមួយចំនួន នៅបន្ដដុតអាហ្នឹង នៅតែ CLV-DTA ថា រដ្ឋាភិបាលមិនដកចេញ រដ្ឋាភិបាលភូត អត់ទេ។ មិនមានការ សហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអភិវឌ្ឍត្រីកោណ»។

សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា តាមពិតកម្ពុជា នឹងត្រូវជាធ្វើម្ចាស់ផ្ទះនូវកិច្ចប្រជុំ CLV-DTA នៅខែធ្នូ ឆ្នាំ២០២៤ ប៉ុន្ដែដោយសារកម្ពុជា សម្រេចបញ្ចប់នូវកិច្ចសហប្រតិបត្តិការ CLV-DTA នេះ ទើបមិនមានប្រជុំបែបនេះទេ។ សម្ដេច ថា ការបញ្ចប់កិច្ចសហប្រតិបត្តិការនេះ ដើម្បីបញ្ចប់ភាពម៉សៅរវាង ប្រជាជន និងប្រជាជន។ ជាពិសេស ការដុតបំពេញបន្ថែមពីក្រុមប្រឆាំងជ្រុលនិយម៕