ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២១ ខែមិថុនា នេះ បានទទួលជួបពិភាក្សាការងារ មួយលោក ណាកា ហ្សាវ៉ា គីឆេរូ (NAKAZAWA KEIICHIRO) អនុប្រធានជាន់ខ្ពស់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) ប្រចាំទីក្រុងតូក្យូ អមដំណើរដោយមន្រ្តីមួយចំនួន នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ហេង រតនា បានជម្រាបជូនដល់គណៈប្រតិភូ ពីកិច្ចសហប្រត្តិការដ៏ល្អជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) លើគម្រោងនានា ដែលគាំទ្រថវិកា សម្ភារៈ ក៏ដូចជាបច្ចេកទេស ក្នុងការរួមចំណែកក្នុងវិស័យសកម្មភាពមីន ក៏ដូចជាការស្តារហេដ្ឋារចនាសម្ព័ន្ធក្រោយដោះមីនផងដែរ។
លើសពីនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ការជ្រោមជ្រែងពីសំណាក់ភាគីJICA ក្នុងការរួមចំណែក រៀបចំយុទ្ធសាស្រ្ត៥ឆ្នាំ ក្រោយការបោសសម្អាតមីន ដែលគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៥ ហើយស៊ីម៉ាក់ នឹងត្រូវបន្តបេសកកម្មទៅមុខទៀត ជាពិសេសការបោសម្អាតគ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌដទៃ ផ្សេងទៀត ទាំងនៅក្នុងដី និងក្រោមទឹក ។
លោក ណាកាហ្សាវ៉ា គីឆេរូ បានថ្លែងអំណរគុណដល់ឯកឧត្តមប្រតិភូ និងកម្លាំងបោសសម្អាតមីន អង្គភាព CMAC ក្នុងការរួមចំណែកធ្វើឱ្យគម្រោងនានារបស់ JICA នៅក្នុងប្រទេសកម្ពុជា ជាពិសេស គឺការ ផ្ទេរចំណេះដឹងក្នុងវិស័យសកម្មភាពមីនទៅដល់បណ្តាប្រទេសដទៃទៀត ដែលរងផលប៉ះពាល់ដោយសំ ណល់ពីសង្រ្គាម មានដូចជាប្រទេស អង់ហ្គោឡា ប្រទេសកូឡុំប៊ី ប្រទេសឡាវ ជាដើម ហើយជាពិសេស នោះគឺផ្តល់ការហ្វឹកហ្វឺនដល់ប្រទេសអ៊ុយក្រែន ដែលកំពុងញាំញីដោយសារសង្រ្គាម ដែលមិនទាន់ចប់នៅឡើយ ។
លោកក៏បានបញ្ជាក់ការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសអង្គភាពJICA ចំពោះ ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏បន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន របស់ CMACតទៅ មុខទៀត ជាពិសេសលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងវិស័យសកម្មភាពមីន ដែលនឹងរួមចំណែកក្នុងការ បង្កើនទិន្នផលផ្ទៃដី ដែលជាប្រយោជន៍នៅក្នុងការធ្វើកសិកម្ម និងរួមចំណែកដល់ការបង្កើនសេដ្ឋកិច្ច ប្រទេសជាតិ ក៏ដូចជាប្រជាជនកម្ពុជាផងដែរ ៕