(រីយ៉ាត)៖ សារព័ត៌មានញូយ៉កប៉ុស្តិ៍របស់សហរដ្ឋអាមេរិក និង BBC ជាភាសាអារ៉ាប់បានរាយការណ៍ឲ្យដឹងថា សមាជិកនៃគ្រួសាររាជរង្សរបស់ អារ៉ាប៊ីសាអូឌីត ប្រមាណ ១៥០ អង្គបានឆ្លងជំងឺ COVID-19 ដែលបានបង្កជាការភ័យខ្លាចជាខ្លាំង ក្នុងជួរថ្នាក់ដឹកនាំរបស់ប្រទេសស្តេចប្រេងមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយព័ត៌មាននារសៀលថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០។
បើតាមប្រភពដដែលខាងលើបានគូសបញ្ជាក់ថា ព្រះអង្គម្ចាស់ មូហាំម៉ាត់ ពិន សាល់ម៉ាន (Mohammad bin Salman) ជារាជទាយាទដែលត្រូវបានគេចាត់ទុកថា ជាអ្នកកាន់អំណាចពិtប្រាកដនៅពីក្រោយព្រះរាជបល្ល័ង្ក ព្រមទាំងរដ្ឋមន្ត្រីរបស់ព្រះអង្គមួយចំនួន បានយាងទៅគង់ប្រថាប់នៅដាច់ដោយឡែកពីគេ នៅក្បែសមុទ្រក្រហមភាគខាងលិចនៃផ្ទៃប្រទេស ខណៈព្រះមហាក្សត្រព្រះចៅ សាល់ម៉ាន វិញ ទ្រង់ក៏បានញែកព្រះកាយគង់ប្រថាប់នៅដាច់ដោយឡែកនៅក្នុងព្រះរាជវាំងនៅឯទីក្រុងចេតដាហ៍ (Jeddah) ដើម្បីគេចចេញកុំឲ្យឆ្លងជំងឺ COVID-19។
កាសែតបានបន្ថែមនៅក្នុងរបាយការណ៍របស់ខ្លួនថា ព្រះអង្គម្ចាស់ ហ្វៃសាល ពិន ប៉ាន់ទើរ (Faisal bin Bandar) ដែលជាអភិបាលក្រុងរីយ៉ាត មានព្រះជន្ម ៧០ព្រះវស្សាក៏បានឆ្លងរោគដ៏កាចសាហាវនេះផងដែរ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ។
គួរជម្រាបថា រហូតមកទល់នឹងពេលបច្ចុប្បន្ន អារ៉ាប៊ីសាអូឌីតដែលជាប្រទេសនាំចេញប្រេង ច្រើនជាងគេលើពិភពលោក បានកត់ត្រាចំនួនអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,២៨៧ករណី ដោយក្នុងនោះអ្នកជំងឺចំនួន ៤៤នាក់បានស្លាប់បាត់បង់ជីវិត ខណៈអ្នកជំងឺចំនួន ៦៦៦នាក់បានជាសះស្បើយឡើងវិញ៕
By :Fresh News