(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃអាទិត្យនេះ បានប្រកាសថា ប្រសិនបើចិនទទួលជោគជ័យទាំងស្រុងក្នុងការធ្វើតេស្តលើ វ៉ាក់សាំង COVID-19 នោះ ប្រទេសចិននឹងធ្វើឲ្យវាក់សាំងនេះទៅជាផលិតផលសាធារណៈ ដែលអាចប្រើប្រាស់បាននៅទូទាំង ពិភព លោក មិនមែនសម្រាប់ចិនតែឯងឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២០។
ក្នុងសន្និសីទសារព័ត៌មានមួយស្តីពីការចេញផ្សាយនូវសៀវភៅសរបស់ប្រទេសចិន ពាក់ព័ន្ធជំងឺរាតត្បាតជាសកល COVID-19 រដ្ឋមន្រ្តីបច្ចេកវិទ្យានិងវិទ្យាសាស្រ្តចិន លោក Wang Zhigang បាននិយាយថា ប្រទេសលោកនឹងប្រឹងបង្កើនកិច្ចសហប្រតិបត្តិការ អន្តរជាតិឲ្យកាន់តែខ្លាំងក្លាថែមទៀត ប្រសិនបើចិនទទួលជោគជ័យ ក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 ហើយប្រទេសចិននឹង ធ្វើឲ្យវាទៅជាវ៉ាក់សាំងសាធារណៈ សម្រាប់បម្រើជាប្រយោជន៍ដល់មនុស្សជាតិទាំងមូល។
គួរជម្រាបថា បច្ចុប្បន្នប្រទេសជាច្រើនកំពុងតែប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំងសម្រាប់ COVID-19 ដោយការធ្វើតេស្ត មួយចំនួន បានឈានដល់ការសាកល្បងលើមនុស្សហើយ។ ក្រុមអ្នកជំនាញសង្ឃឹមថា នឹងអាចមានវ៉ាក់សាំង COVID-19 ជាផ្លូវការ នៅអំឡុងឆ្នាំក្រោយ៕