Alynana Media Cambodia
Icon Collap
clinic narit

ការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្ស ដែលជាវ៉ាក់សាំងទី ៨ នឹងត្រូវធ្វើតេស្ដលើមនុស្សនៅក្នុងប្រទេសចិន

Sang Kim | Jun 25, 2020
ការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្ស ដែលជាវ៉ាក់សាំងទី ៨ នឹងត្រូវធ្វើតេស្ដលើមនុស្សនៅក្នុងប្រទេសចិន
Clinic narith

06/25/2020

(ប៉េកាំង)៖ វិទ្យាស្ថានស្រាវជ្រាវមួយរបស់យោធាចិន ទទួលបានការអនុញ្ញាត ក្នុងការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្ស ដែលជាវ៉ាក់សាំងទី ៨ នឹងត្រូវធ្វើតេស្ដលើមនុស្សនៅក្នុងប្រទេសចិន ដែលកំពុងឈានមុខគេ ក្នុងការប្រយុទ្ធជាមួយជំងឺឆ្លងរាតត្បាតសកលមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០។

វ៉ាក់សាំងថ្មីខាងអភិវឌ្ឍឡើងដោយបណ្ឌិតសភាយោធាចិន ដែលជាសាខាមួយរបស់កងទ័ពរំដោះប្រជាជនចិន បានទទួលបានការអនុញ្ញាតក្នុងការធ្វើតេស្ដ លើមនុស្សពីរដ្ឋបាលគ្រប់គ្រង ផលិតផលវេជ្ជសាស្ត្រជាតិចិន។ វ៉ាក់សាំងនេះមានឈ្មោះ ARCoV និងប្រើប្រាស់បច្ចេកវិទ្យា mRNA ដែលជាវិធីសាស្ត្រមួយត្រូវបានប្រើប្រាស់ ផងដែរក្នុងការអភិវឌ្ឍវ៉ាក់សាំង ដោយក្រុមហ៊ុនល្បីនៅអាមេរិកឈ្មោះ ម៉ូឌែណា (Moderna) និងក្រុមហ៊ុនអាល្លឺម៉ង់ ឃ្យួរវ៉ាក់ (CureVac)។

វិទ្យាស្ថានចុះបញ្ជីធ្វើតេស្ដវ៉ាក់សាំងលើមនុស្សរបស់ចិន មិនបាននិយាយចំពីឈ្មោះវ៉ាក់សាំង ARCoV នោះទេ ប៉ុន្តែបានឱ្យដឹងថាតំណាក់កាលទី១នៃការធ្វើតេស្ដ តាមបច្ចេកវិទ្យា mRNA អាចនឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍នេះតែម្ដង ដើម្បីវាយតម្លៃពីសុវត្ថិភាព។ មកទល់នឹងបច្ចុប្បន្ន មិនទាន់់មានវ៉ាក់សាំងផ្លូវការប្រឆាំងនឹង COVID-19 នោះទេ ប៉ុន្តែមានវ៉ាក់សាំងមួយចំនួន កំពុងមានភាពជឿនលឿននៅក្នុងការធ្វើតេស្ដលើ មនុស្សទៅតំណាក់កាលផ្សេងៗគ្នា នៅជុំវិញពិភពលោក។

គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅនេះ ប្រទេសចិនក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនជីវសាស្រ្ត ឆុងឈីង ជីហ្វៃ (Chongqing Zhifei) ចាប់ផ្តើមធ្វើការសាកល្បង វ៉ាក់សាំងទប់ស្កាត់ COVID-19 លើមនុស្ស ផងដែរ។ វ៉ាក់សាំងនេះត្រូវបានអភិវឌ្ឍឡើង ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឱសថជីវសាស្រ្ត អានហ៊ុយ ជីហ្វៃ ឡុងខម (Anhui Zhifei Longcom) និងវិទ្យាស្ថានមីក្រូជីវសាស្រ្តរបស់ចិន ដែលបានទទួលវិញ្ញាបនប័ត្រពីរដ្ឋបាលគ្រប់គ្រងផលិតផលវេជ្ជសាស្រ្តជាតិចិន ដើម្បីដាក់ដំណើរការសាកល្បងស្វែងរកប្រសិទ្ធភាព៕