កេនយ៉ា៖ នៅវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្ររបស់ប្រទេសកេនយ៉ា (KEMRI) ក្រុមអ្នកវិទ្យាសាស្ត្រកំពុងធ្វើការដើម្បីស្វែងរកឲ្យឃើញពីមូលហេតុ ពិតប្រាកដនៃការឆ្លងរាលដាលជំងឺ COVID-19។
យោងតាមការសិក្សាដោយវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រកេនយ៉ា និងមូលនិធិស្រាវជ្រាវសប្បុរសធម៌ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសឲ្យដឹងថា ប្រទេសកេនយ៉ាមានករណីឆ្លងជំងឺ COVID-19 ខ្ពស់ជាងចំនួនដែលក្រុមវេជ្ជបណ្ឌិតបានដឹងកាលពីដំបូងទៅទៀត។ ការសិក្សានេះត្រូវបានផ្អែកលើការធ្វើតេស្តអង់ទីគ័រ លើអ្នកផ្ដល់សំណាកឈាមជាង ៣ពាន់នាក់ចន្លោះពីខែមេសាដល់ពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២០។ ក្រុមវេជ្ជបណ្ឌិតនិយាយថា ការស្រាវជ្រាវនេះប្រហែលជាពុំត្រូវបានគេដឹងទេ ព្រោះមនុស្សដែលមានជំងឺនេះអាចមិនមានបញ្ចេញរោគសញ្ញា។ ប៉ុន្តែរបាយការណ៍មួយចេញផ្សាយ ដោយវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្ររបស់ប្រទេសកេនយ៉ាបញ្ជាក់ថា មនុស្សជាច្រើនទៀតអាចបានឆ្លងវីរុសនេះហើយ។
ក្រុមអ្នកវិទ្យាសាស្ត្រ ដែលបានរកឃើញអង់ទីគ័រវីរុសបានចង្អុលបង្ហាញថា មនុស្សជាច្រើនអាចត្រូវបានឆ្លង បើទោះជាពួកគេមិនបានរាយការណ៍ពីអារម្មណ៍មិនស្រួលខ្លួនក៏ដោយ។ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ប្រទេសកេនយ៉ាងមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៩០,៣០៥នាក់ និងស្លាប់ ១,៥៦៨នាក់៕