ហ្វីលីពីន និងតៃវ៉ាន់ដែលទទួលរងផ្ទាល់ពីឥទ្ធិពលនៃព្យុះទីហ្វុងដ៏កំណាចដែលនឹងបោកបក់នៅតំបន់នោះចាប់ពីថ្ងៃពុធ បានប្រកាសអាសន្ន ជម្លៀសប្រជាជន និងត្រៀមបង្ការផ្សេងៗ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅថ្ងៃអង្គារថា ក្រសួងការពារជាតិតៃវ៉ាន់លុបចោលសមយុទ្ធយោធាដ៏ធំប្រចាំឆ្នាំរបស់ខ្លួន និងត្រៀមខ្លួនសម្រាប់ហេតុការណ៍ដែលបង្កឡើងដោយព្យុះទីហ្វុងដែលតៃវ៉ាន់ខកខានជួបប្រទះ ៤ ឆ្នាំមកហើយ។
ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសហ្វីលីពីនបានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារនេះព្យុះទីហ្វុងដ៏ខ្លាំងមួយបានបោកបក់ឆ្ពោះទៅភាគខាងជើងហ្វីលីពីន បង្កឱ្យមានការជម្លៀសសហគមន៍នៅតាមឆ្នេរសមុទ្រចេញទៅរកកន្លែងមានសុវត្ថិភាពដោយសារតែសហគមន៍ទាំងនោះអាចនឹងទទួលរងនូវឥទ្ធិពលព្យុះដ៏ខ្លាំងមួយនេះ។
ទីភ្នាក់ងារដដែលនេះបានលើកឡើងថា ព្យុះទីហ្វុងដុកស៊ូរី (Doksuri) កំពុងធ្វើដំណើរក្នុងកម្លាំងខ្យល់អតិបរមា ១៨៥ គីឡូម៉ែត្រ ក្នុង ១ ម៉ោង ដោយបានបោកបក់ឆ្ពោះទៅកាន់កោះចំនួន ៣ ដែលមានប្រជាជនមួយចំនួនកំពុងរស់នៅ។
យោងតាមព្រឹត្តិបត្រចុងក្រោយបង្អស់ពីទីភ្នាក់ងារនេះ បានឱ្យដឹងថា ហ្វីលីពីនឱ្យឈ្មោះព្យុះនេះថា «អ៊ីហ្គេ (Egay)»។ ព្យុះនេះត្រូវបានគេព្យាករថា នឹងបោកបក់ឆ្លងកាត់កោះបាប៊ូយ៉ាន (Babuyan) ឬខេត្តខាហ្កាយ៉ាន (Cagayan) ភាគឦសានត្រឹមរសៀលថ្ងៃពុធនេះ។
បន្ទាប់មក វានឹងវាយលុកទៅកាន់កោះតៃវ៉ាន់ និងភាគខាងកើតប្រទេសចិន បន្តទៀត។
ព្យុះនេះត្រូវបានគេព្យាករថានឹងនាំមកនូវទឹកភ្លៀងលើសពី ២០០ មិលី្លម៉ែត្រទៅកាន់បណ្ដាកោះមួយចំនួន និងតំបន់ភាគខាងជើងនៃខេត្តខាហ្កាយ៉ាន ខេត្តអាប៉ាយ៉ៅ (Apayao) និងខេត្តអ៊ីឡូខូស (Ilocos Norte) នៅថ្ងៃអង្គារនេះ៕