(ប៉េកាំង)៖ ទីក្រុងប៉េកាំង បានកត់ត្រាភ្លៀងធ្លាក់ខ្លាំងបំផុតមួយរបស់ខ្លួន នៅក្នុងឆ្នាំនេះ ខណៈចំហាយសេសសល់នៃព្យុះទីហ្វុង Doksuri បានឆ្លងកាត់រដ្ឋធានីមួយនេះ នៃប្រទេសចិន នៅថ្ងៃចន្ទនេះ ដោយបង្ខំឱ្យមនុស្សជាង ៣១,០០០នាក់ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងទៅកាន់ទីទួលមានសុវត្ថិភាព រៀបចំដោយអាជ្ញាធរ។ នេះ បើតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV នៅថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣។
ភ្លៀងធ្លាក់ខ្លាំង បានបន្តធ្លាក់នៅក្នុងរដ្ឋធានីប៉េកាំង ខេត្តហឺប៉ី (Hebei) ទីក្រុងធៀនជីន (Tianjin) និងខេត្តសានស៊ី (Shanxi)។ Doksuri គឺជាព្យុះទីហ្វុងមួយក្នុង ចំណោមព្យុះទីហ្វុងដ៏មានឥទ្ធិពល ដែលបានវាយប្រហារប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានបង្កជាគ្រោះទឹកជំនន់ កាលពីចុងសប្ដាហ៍កន្លងទៅ នៅឯខេត្តហ្វូជាំង (Fujian) ភាគខាងត្បូងនៃប្រទេស ដែលបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះសម្បែង។
បើតាមអាជ្ញាធក្នុងទីក្រុងប៉េកាំង កម្រិតទឹកភ្លៀងធ្លាក់ក្នុងរដ្ឋធានីមួយនេះពេញមួយយប់ មាន ១៤០.៧មីលីម៉ែត្រ ខណៈកម្រិតទឹកភ្លៀងអតិបរមាដល់ទៅ ៥០០.៤ មីលីម៉ែត្រ ត្រូវបានរាយការណ៍ក្នុងតំបន់ហ្វាងសាន (Fangshan)។ ចំណែក ភ្លៀងធ្លាក់នៅក្នុងតំបន់ភាគខាងត្បូង និងភាគខាងលិច ក៏ត្រូវបានគេពឹងថានឹងមាន សភាពធ្ងន់ធ្ងរផងដែរ នៅព្រឹកថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួស រួមទាំងការខូចខាតនៅឡើយទេ។ ប៉ុន្តែ ទីតាំងការដ្ឋានជាង ៤,០០០កន្លែង ត្រូវបានផ្អាក សកម្មភាពជាបណ្ដោះអាសន្ន ហើយអគារជិត ២០,០០០ខ្នង ត្រូវបានដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យរកមើលការខូចខាត៕