Alynana Media Cambodia

Banner ads header
Icon Collap
...
Home / ធនាគារជាតិនៃកម្ពុជា បានបន្តជំរុញអតិថិជន និងពាណិជ្ជករ ឱ្យងាកមកប្រើប្រាស់កាបូបអេឡិចត្រូនិក (E-Wallet)

ធនាគារជាតិនៃកម្ពុជា បានបន្តជំរុញអតិថិជន និងពាណិជ្ជករ ឱ្យងាកមកប្រើប្រាស់កាបូបអេឡិចត្រូនិក (E-Wallet)

ធនាគារជាតិនៃកម្ពុជា បានបន្តជំរុញអតិថិជន និងពាណិជ្ជករ ឱ្យងាកមកប្រើប្រាស់កាបូបអេឡិចត្រូនិក (E-Wallet)
226   24-05-2021   4 months ago

(ភ្នំពេញ)៖ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធនាគារជាតិនៃកម្ពុជា បានបន្តជំរុញអតិថិជន និងពាណិជ្ជករ ឱ្យងាកមកប្រើប្រាស់កាបូបអេឡិចត្រូនិក (E-Wallet) និងកម្មវិធីទូទាត់នានាដូចជា «កម្មវិធីបាគង» ដើម្បីចូលរួមជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា «ការប្រើប្រាស់សេវាធនាគារឌីជីថល អាចជួយកាត់បន្ថយការចម្លងជំងឺកូវីដ១៩ តាមរយៈការកាត់បន្ថយតម្រូវការនៃ ការប្រើប្រាស់ក្រដាសប្រាក់ ដោយផ្ទាល់រវាងបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត»។

ទន្ទឹមនោះធនាគារជាតិនៃកម្ពុជា ក៏បានជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងស្ថាប័ននានាក្នុងប្រទេសកម្ពុជា ផ្តល់ការលើកទឹកចិត្តដល់អតិថិជន និងក្រុមហ៊ុនសហគ្រាស ដែលជ្រើសរើសយកប្រតិបត្តិការទូទាត់ជាអេឡិចត្រូនិកជំនួស ឱ្យប្រតិបត្តិការទូទាត់ ដែលប្រើប្រាស់ក្រដាសប្រាក់។

លោកស្រី ជា សីរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា «ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា កិច្ចសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាផ្នែកមួយដ៏មានសារសំខាន់នៃ ការខិតខំប្រឹងប្រែងរួមគ្នារបស់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតជំងឺកូវីដ-១៩។ នេះជាមូលហេតុដែលយើងកំពុងលើកទឹកចិត្តប្រជាជនកម្ពុជាទាំងអស់ ឱ្យប្រើប្រាស់កាបូបអេឡិចត្រូនិក (E-Wallet) និងកម្មវិធីទូទាត់ ដូចជាកម្មវិធីបាគង សម្រាប់ជំនួសឱ្យការទូទាត់ជាក្រដាសប្រាក់ ដើម្បីចូលរួមកាត់បន្ថយការប៉ះពាល់ និងហានិភ័យរាតត្បាត»។

លោកស្រីបន្ថែមថា អង្គការសុខភាពពិភពលោក ជំរុញឱ្យមានការប្រុងប្រយ័ត្ន នៅពេលកាន់ក្រដាសប្រាក់ និងបានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវលាងដៃឱ្យបានស្អាត បន្ទាប់ពីកាន់ក្រដាសប្រាក់ ជាពិសេសនៅពេលប៉ះពាល់ ឬញ៉ាំអាហារ។

លោកស្រី ជា សិរី បន្ថែមថា «បើទោះជាធនាគារជាតិនៃកម្ពុជា ពិនិត្យឃើញថាពលរដ្ឋភាគច្រើន និយមធ្វើប្រតិបត្តិការទូទាត់ ដោយប្រើប្រាស់ក្រដាសប្រាក់ក្តី ក៏ធនាគារជាតិនៅតែជំរុញពាណិជ្ជករ និងអតិថិជនឱ្យងាកមកប្រើប្រាស់ ការទូទាត់ជាអេឡិចត្រូនិក ដោយសារការអនុវត្តនេះ នឹងអាចពង្រឹងចំណេះដឹងនៃ ការប្រើប្រាស់ការទូទាត់ឌីជីថល និងទាក់ទាញប្រជាពលរដ្ឋ ឱ្យប្រើប្រាស់ការទូទាត់នេះបានកាន់តែទូលំទូលាយ តាមរយៈកម្មវិធីទូទាត់ទាំងនោះ»។

លោកស្រីបានបញ្ជាក់ថា កាលពីឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានដាក់ដំណើរការប្រព័ន្ធទូទាត់សងប្រាក់រួមមួយ ដែលអនុញ្ញាតឱ្យអតិថិជន ធ្វើប្រតិបត្តិការបានច្រើនមុខងារដូចជា កាបូបអេឡិចត្រូនិក (E-Wallet) ការទូទាត់ចល័ត និងកម្មវិធីធនាគារអនឡាញ ដែលមុខងារទាំងអស់នេះស្ថិតក្នុងកម្មវិធីតែមួយ។

ប្រព័ន្ធបាគង (Bakong) របស់ធនាគារជាតិនៃកម្ពុជា បានតភ្ជាប់ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់នៅកម្ពុជាជាច្រើន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មានលទ្ធភាព ក្នុងការធ្វើប្រតិបត្តិការទូទាត់ជាឌីជីថល បានទូលំទូលាយ និងមានប្រសិទ្ធភាព។

លោកស្រី ជា សិរី បន្ថែមថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលជាសមាជិករបស់ប្រព័ន្ធបាគងរួមមាន៖ ធនាគារ អភិវឌ្ឍអាស៊ី ធនាគារអេស៊ីលីដា ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា ធនាគារប្រៃសណីយ៍កម្ពុជា ធនាគារកាណាឌីយ៉ា ធនាគារវឌ្ឍនៈ ធនាគារពាណិជ្ជឈីហ្វ (ខេមបូឌា) ធនាគារជីបម៉ុង ខមមើសលប៊ែង ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ធនាគារហត្ថា ម.ក ធនាគារកម្ពុជាសាធារណៈ ធនាគារព្រីនស៍ ម.ក ធនាគារហ្វីលីព ភីអិលស៊ី ធនាគារភ្នំពេញពាណិជ្ជ ធនាគារស្ថាបនា ធនាគារវីង (ខេមបូឌា) ម.ក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើអេអឹមខេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើប្រាសាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដាប់ប៊ែលយូប៊ីហ្វាយនែន គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ស្ពីតផេ ម.ក គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ទ្រូម៉ាន់នី និងគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់អ៊ីម៉ាន់នី។

លោកបញ្ជាក់ថា ជាមួយនឹងកិច្ចការងារលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ធនាគារជាតិនៃកម្ពុជា ស្ថិតនៅកម្រិតឈានមុខ (forefront) នៃការលើកកម្ពស់សេវាទូទាត់ឌីជីថល។ យោងតាមប្រភពពីធនាគារជាតិនៃកម្ពុជា បច្ចុប្បន្នមានប្រជាជនកម្ពុជាច្រើនជាង៥៩% បានធ្វើប្រតិបត្តិការទូទាត់ របស់ខ្លួនតាមប្រព័ន្ធអនឡាញ។

លោក ជា សិរី បានថ្លែងបន្ថែមថា «កម្មវិធីទូទាត់ឌីជីថល ជាឧបករណ៍មួយដែលមានប្រសិទ្ធភាព ក្នុងការធានា និងផ្តល់លទ្ធភាពឱ្យគ្រប់ផ្នែកទាំងអស់ នៅក្នុងសង្គមទទួលបានការចូលប្រើប្រាស់សេវាធនាគារ។ បច្ចុប្បន្នដើម្បីសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ១៩ បានជំរុញឱ្យធនាគារជាតិនៃកម្ពុជា និងគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុយកចិត្តទុកដាក់លើការឈានទៅរកសង្គមដែលមិនប្រើប្រាស់ក្រដាស់ប្រាក់»៕