ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជានឹងចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ ខាងមុខនេះ ដែលធ្វើឲ្យកម្ពុជាអាចនឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធសព្វគ្រប់មុខទំនិញលើកលែងតែអាវុធ ឬហៅកាត់ថា EBA ទាំងស្រុង និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSPជាដើម។ ការចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួចនេះដែរ កម្ពុជាក៏ទំនងជាលែងទទួលបានហិរញ្ញប្បទានជាមួយអត្រាការប្រាក់អនុគ្រោះពីប្រទេស និងស្ថាប័នហិរញ្ញវត្ថុមួយចំនួនផងដែរ។
ទោះយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលបានអះអាងថា កម្ពុជានឹងស្នើសុំឲ្យប្រទេស និងស្ថាប័នហិរញ្ញវត្ថុទាំងនោះបន្តផ្តល់ហិរញ្ញប្បទានជាមួយអត្រាការប្រាក់សមរម្យដល់កម្ពុជាបន្តទៀតនៅពេលចាកចេញផុតពីប្រទេសមានការអភិវឌ្ឍន៍តិចតួច។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី៤ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កម្ពុជានឹងចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧ ខាងមុខនេះ។ បើតាមការលើកឡើងរបស់ សម្តេចតេជោ ក្រោយកម្ពុជាចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច កម្ពុជាទំនងជាអាចបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធសព្វគ្រប់មុខទំនិញលើកលែងតែអាវុធ ឬហៅថា EBA ទាំងស្រុង និងប្រព័ន្ធអនុគ្រោះពន្ធផ្សេងទៀត ដែលប្រទេសមានការអភិវឌ្ឍផ្តល់ឲ្យប្រទេសមានការអភិវឌ្ឍន៍តិចតួច។ យ៉ាងណាមិញ នៅពេលកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទាំងនេះមានន័យថា រាល់ទំនិញកម្ពុជាទាំងអស់ត្រូវបង់ពន្ធ ១០០% តែម្ដង។
មួយវិញទៀត នៅពេលកម្ពុជាចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួច កម្ពុជាក៏ទំនងជាលែងទទួលបានហិរញ្ញប្បទានក្រោមការសម្បទានអត្រាការប្រាក់ពីប្រទេសដៃគូ និងស្ថាប័នហិរញ្ញវត្ថុមួយចំនួនបន្តទៀតផងដែរ។ ទោះយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចបាននិយាយជាមួយប្រទេសដៃគូ និងស្ថាប័នហិរញ្ញវត្ថុមួយចំនួនរួចហើយ ក្នុងការបន្តផ្តល់ហិរញ្ញប្បទានជាមួយអត្រាការប្រាក់សមរម្យដល់កម្ពុជាបន្តទៀត នៅពេលកម្ពុជាចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួច។ ជាមួយគ្នានេះ សម្តេចតេជោក៏បានស្នើឲ្យប្រទេសដៃគូ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិបន្តផ្តល់ហិរញ្ញប្បទានជាមួយអត្រាការប្រាក់សមរម្យដល់កម្ពុជាបន្តទៀតផងដែរ។