Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឥណ្ឌា និងប្លុកពាណិជ្ជកម្មអឺរ៉ុប EFTA ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតម្លៃ ១០០ពាន់លានដុល្លារ

Media LNN | Mar 12, 2024
ឥណ្ឌា និងប្លុកពាណិជ្ជកម្មអឺរ៉ុប EFTA ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតម្លៃ ១០០ពាន់លានដុល្លារ
Clinic narith

(ញូវដែលី)៖ ប្រទេសឥណ្ឌា និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប EFTA ដែលមានសមាជិក ៤ប្រទេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតម្លៃ ១០០ពាន់លានដុល្លារកាលពីថ្ងៃអាទិត្យ ដើម្បីលើកកម្ពស់ការវិនិយោគ និងការនាំចេញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សម្ដីរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ឥណ្ឌា Piyush Goyal ខណៈថ្លែងថា កិច្ចព្រមព្រៀងនេះនឹងមើលឃើញថា សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលបង្កើតឡើងដោយប្រទេសមិនមែន សមាជិកសហភាពអឺរ៉ុបចំនួន ៤ប្រទេសរួមមានន័រវែស ស្វីស អ៊ីស្លង់ និងលីកធិនស្តាញ នឹងបណ្តាក់ទុនទឹកប្រាក់ចំនួន ១០០ពាន់លានដុល្លារក្នុងរយៈពេល ១៥ឆ្នាំនៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី៥ របស់ពិភពលោក។

លោក Goyal បាននិយាយបន្ទាប់ពីចុះហត្ថលេខានៅទីក្រុងញូវដែលីថា៖ «កិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចឥណ្ឌា-EFTA (TEPA) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ នៅក្នុងភាពជាដៃគូដែលកំពុងរីកចម្រើនរបស់យើង»។

លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះ «នឹងត្រួសត្រាយផ្លូវសម្រាប់កំណើន និងវិបុលភាពទៅវិញទៅមក» តាមរយៈការជំរុញការនាំចេញ ការលើកកម្ពស់ការវិនិយោគ និងការបង្កើតការងារ។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាបន្ទាប់ពីការចរចាជាច្រើនលើកអស់រយៈពេល ១៦ឆ្នាំ។ បើយោងតាមភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ស្ដី លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានថ្លែងតាមរយៈសេចក្តីថ្លែងការណ៍ ដែលបានអាននៅក្នុងពិធីចុះហត្ថលេខាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ «តំណាងឱ្យការប្តេជ្ញាចិត្តរួមគ្នារបស់យើង ក្នុងការធ្វើពាណិជ្ជកម្មបើកចំហ យុត្តិធម៌ និងសមធម៌»។

រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសស្វីសលោក Guy Parmelin បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ «នឹងអនុញ្ញាតឱ្យយើងប្រើប្រាស់កាន់តែប្រសើរឡើង នូវសក្តានុពលសេដ្ឋកិច្ចរបស់យើង និងបង្កើតឱកាសបន្ថែមសម្រាប់ទាំងប្រទេសឥណ្ឌា និងប្រទេសជាសមាជិកសមាគម EFTA»។

លោកបានមានប្រសាសន៍នៅក្នុងទីក្រុងញូវដែលីថា៖ «បណ្តាប្រទេសជាសមាជិកសមាមគ EFTA ទទួលបានលទ្ធភាពចូលទីផ្សារ ដែលកំពុងលូតលាស់ខ្លាំងដ៏ធំមួយ... ជាថ្នូរមកវិញ ប្រទេសឥណ្ឌានឹងទាក់ទាញការវិនិយោគបរទេសកាន់តែច្រើន ពីប្រទេសជាសមាជិកសមាគម EFTA ដែលទីបំផុតនឹងប្រែក្លាយទៅជាកំណើនការងារល្អៗ»។

EFTA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦០ ដើម្បីលើកកម្ពស់ពាណិជ្ជកម្មសេរី និងសមាហរណកម្មសេដ្ឋកិច្ចរវាងសមាជិករបស់ខ្លួន។ នៅឆ្នាំ២០២១ ប្លុកសមាគមពាណិជ្ជកម្មនេះ គឺជាប្លុកដែលមានទំហំពាណិជ្ជកម្មធំជាងគេទី ១០ នៅលើពិភពលោកបើគិតពីទំនិញ និងធំទី៨ បើគិតពីសេវាកម្ម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕