នាថ្ងៃអាទិត្យទី ២៥ ខែមិថុនាឆ្នាំ ២០២៣ កាសែត Yomiuri របស់ជប៉ុនបានរាយការណ៍ដោយដកស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលមិនបញ្ចេញឈ្មោះម្នាក់ថា យោធាជប៉ុនកំពុងសាកល្បងសេវាអ៊ីនធឺណិតផ្កាយរណប Starlink របស់ Elon Musk និងកំពុងពិចារណាដើម្បីទទួលយកសេវាកម្មនេះជាផ្លូវការចាប់ពីខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ។
កាសែត Yomiuri បាននិយាយថា ក្រសួងការពារជាតិមានសិទ្ធិចូលប្រើប្រាស់ផ្កាយរណបទំនាក់ទំនងនេះរួចហើយនៅក្នុងគន្លងភូមិសាស្ត្ររបស់ខ្លួនក៏ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យា Starlink ដែលដំណើរការដោយក្រុមហ៊ុន SpaceX របស់ Musk ប្រៀបដូចជាការបន្ថែមផ្កាយរណបនៅក្នុងគន្លងផែនដីទាបកាន់តែច្រើនឡើង។
ទោះយ៉ាងណាប្រទេសនានាជុំវិញពិភពលោកក៏កំពុងស្វះស្វែងរកមធ្យោបាយដូចៗគ្នា ដើម្បីបញ្ចៀសហានិភ័យនៃការរាំងស្ទះការទំនាក់ទំនងឬការវាយប្រហារលើផ្កាយរណបក្នុងករណីមានជម្លោះ។
កាសែតដដែលនេះបាននិយាយថា កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន បានធ្វើតេស្ត Starlink សម្រាប់កងកម្លាំងជើងគោក កងកម្លាំងជើងទឹក និងកងកម្លាំងដែនអាកាសរបស់ខ្លួនចាប់តាំងពីខែមីនាកន្លងមក ដោយការដាក់ពង្រាយប្រព័ន្ធនេះទៅលើទីតាំងចំនួន ១០ រួមទាំងមានការហ្វឹកហាត់ផងដែរ។
យ៉ាងណា មកទល់ពេលនេះគេមិនទាន់អាចសុំការអត្ថាធិប្បាយជុំវិញរបាយការណ៍នេះបានឡើយពីអ្នកនាំពាក្យក្រសួងការពារជាតិ ដោយសារជាពេលវេលាក្រៅម៉ោងធ្វើការ។
កាសែត Yomiuri បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នកងកម្លាំងស្វ័យការពារជប៉ុនកំពុងប្រើប្រាស់ផ្កាយរណប X-band របស់ជប៉ុនផ្ទាល់ចំនួន ២។
ប្រទេសជប៉ុនបានបង្ហាញផែនការបង្កើនសន្តិសុខជាតិយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះដោយការបង្កើនសមត្ថភាពក្នុងវិស័យយោធា រួមទាំងការចំណាយកើនឡើង និងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយតំបន់និងពិភពលោក។
កាលពីឆ្នាំមុន នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមិអូ គីស៊ីដា (Fumio Kishida) បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីរបស់លោកឱ្យបង្កើនការចំណាយលើវិស័យការពារជាតិដល់ ២% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៧ ដែលជាការកើនឡើងខ្ពស់មិនធ្លាប់មាន ដោយជប៉ុនកម្រិតការចំណាយលើវិស័យយោធាប្រហែល ១% ប៉ុណ្ណោះ។
ជប៉ុនបានធ្វើទំនើបកម្មក្នុងកម្មវិធីយុទ្ធសាស្ត្រការពារជាតិ និងសន្តិសុខ ដើម្បីដោះស្រាយការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសចិន ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
បច្ចុប្បន្ននេះបច្ចេកវិទ្យា Starlink កំពុងត្រូវបានដាក់ពង្រាយសម្រាប់អ៊ុយក្រែននៅលើសមរភូមិ ខណៈរុស្ស៊ីកំពុងព្យាយាមរារាំងកុំឱ្យបច្ចេកវិទ្យានេះមាននៅក្នុងតំបន់របស់ខ្លួន៕