អ៊ីតាលី ៖ ការប្រកួតនៅលើសង្វៀនរវាងកំពូលមហាសេដ្ឋីបច្ចេកវិទ្យាទាំង២រូបរបស់សហរដ្ឋអាមេរិក លោក Elon Musk ទល់នឹងលោក Mark Zuckerber ទំនងជាមិនប្រព្រឹត្តទៅនៅក្នុងប្រាសាទបុរាណ Colosseum ដែលស្ថិតក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាលីបានឡើយ បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលអ៊ីតាលី កាលពីពេលថ្មីៗនេះ បានបដិសេធការផ្តល់ទីតាំងប្រវត្តិសាស្ត្រ ដែលមានអាយុកាលជិត២ពាន់ឆ្នាំ សម្រាប់ការប្រកួតរវាងមហាសេដ្ឋីទាំង២រូបនេះទេ។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ Sportskeeda កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។
កាលពីសប្តាហ៍មុន ការរំពឹងទុកអំពីការប្រកួតប្រដាល់រវាងលោក Elon Musk ដែលជាស្ថាបនិកក្រុមហ៊ុនផលិតយានអវកាស ទំនាក់ទំនងផ្កាយរណប SpaceX និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ហើយក៏ជាប្រធានក្រុមហ៊ុន Twitter តទល់នឹងលោក Mark Zuckerberg ដែលជាសហស្ថាបនិកក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក (Facebook) ដែលទំនងជាការប្រកួតបែបគុនចម្រុះនៅក្នុងទ្រុង កំពុងតែផ្ទុះកក្រើកទូទាំងពិភពលោក បន្ទាប់ពីត្រូវបានរាយការណ៍ថា ប្រទេសអ៊ីតាលីបានផ្តល់ជូនទីតាំងដ៏ពិសេសសម្រាប់ការប្រកួតដ៏អស្ចារ្យនេះ បើទោះបីជាការប្រកួតនេះ មិនទាន់ត្រូវបានប្រកាសជាផ្លូវការយ៉ាងណាក៏ដោយ។របាយការណ៍ដំបូងអះអាងាថា រោងមហោស្រពប្រវិត្តសាស្ត្ររាងអេលីប Colosseum ឬ Flavian Amphitheatre នៅកណ្តាលទីក្រុងរ៉ូម ត្រូវបានកំណត់ជាទីតាំងសម្រាប់ការប្រកួតនេះ ហើយពាក្យចចាមអារ៉ាមទាំងនេះ ត្រូវបានជំរុញបន្ថែមដោយលោក Elon Musk នៅលើការបង្ហោះលើបណ្តាញសង្គម Twitter ថែមទៀតផង។របាយការណ៍ត្រូវបានចេញផ្សាយលើបណ្តាសារព័ត៌មានជុំវិញពិភពលោក បានជំរុញឱ្យរដ្ឋាភិបាលអ៊ីតាលី កាលពីពេលថ្មីៗនេះ បានបដិសេធចំពោះព័ត៌មានទាំងនោះ តាមរយៈក្រសួងវប្បធម៌អ៊ីតាលីផ្ទាល់តែម្តង។ បន្ថែមលើសពីនេះ ក្រសួងបានស្នើដល់កំពូលមហាសេដ្ឋីទាំង២រូបរបស់សហហរដ្ឋអាមេរិកថា ពួកគេនៅតែអាចរៀបចំព្រឹត្តិការណ៍ដ៏ពិសេសរបស់ខ្លួននៅក្នុងប្រាសាទ Colosseum បាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌមួយ គឺត្រូវតែធានាថា ព្រឹត្តិការណ៍នោះគ្មានការប្រើប្រាស់អំពើហិ.ង្សា៕