មហាសេដ្ឋី Elon Musk បាននិយាយថា ក្រុមហ៊ុន Tesla របស់លោក នឹងចាប់ផ្ដើមផលិត និងប្រើប្រាស់មនុស្សយន្ដ ដែលមានរូបរាងស្រដៀងនឹងមនុស្សធម្មតា នៅឆ្នាំក្រោយ ហើយផលិតផលនឹងលក់ចែកចាយលក់លើទីផ្សារនៅក្នុងឆ្នាំ២០២៦។ ការប្រកាសរបស់មហាសេដ្ឋីអាម៉េរិករូបនេះ ធ្វើឡើងនៅក្រោយពេលដែលក្រុមហ៊ុន Tesla កំពុងជំរុញការកាត់បន្ថយការចំណាយថ្លៃដើមលើការផលិតយានយន្ដអគ្គិសនីរបស់ខ្លួន ចំពេលដែលតម្រូវការប្រើប្រាស់មានការធ្លាក់ចុះ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន BBC នៅថ្ងៃទី ២៤ ខែកក្កដា។
របាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន Tesla បានបង្ហាញថា ប្រាក់ចំណេញរបស់ខ្លួនបានធ្លាក់ចុះ ជិតពាក់កណ្ដាលក្នុងរយៈពេល ៣ខែចុងក្រោយនេះ ពោលគឺធ្លាក់ចុះពី ២៧០០លានដុល្លារ មកនៅត្រឹម ១៥០០លានដុល្លារប៉ុណ្ណោះ ដោយសារតែការលក់បានដាំក្បាលចុះខ្លាំង។
ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីដ៏ធំរបស់អាម៉េរិកមួយនេះ បានបញ្ជាក់ទៅកាន់អ្នកវិនិយោគរបស់ខ្លួនកាលពីថ្ងៃទី ២៣ ខែកក្កដាដែរថា ជារួមនៅពេលនេះ ក្រុមហ៊ុននៅតែកំពុងផ្ដោតលើការកាត់បន្ថយថ្លៃដើមផលិតកម្មរបស់ខ្លួន។
ប្រាក់ចំណូលរបស់ Tesla បានធ្លាក់ចុះ ៧% នៅក្នុងត្រីមាសចុងក្រោយនេះ បើទោះបីជា មានការគោលការណ៍លក់បញ្ចុះតម្លៃយ៉ាងគគ្រឹកគគ្រេង និងការលើកទឹកចិត្តផ្សេងទៀតសម្រាប់អតិថិជនក្ដី។
នៅអំឡុងពេលដែលតម្រូវការយានយន្ដអគ្គិសនីធ្លាក់ចុះនេះ លោក Elon Musk បាននិងកំពុងផ្ដោតកាន់តែខ្លាំងលើបច្ចេកវិទ្យាដូចជា បញ្ញាសិប្បនិម្មិត (AI), ប្រព័ន្ធបើកបរយានយន្ដដោយស្វ័យប្រវត្តិ និងមនុស្សយន្ដ។
កាលពីពេលកន្លងទៅ លោក Musk ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុន Tesla មានបំណងផលិតមនុស្សយន្ដ ទ្រង់ទ្រាយផលិតកម្មធំ និងចំណាយថ្លៃផលិតប្រហែល ២ម៉ឺនដុល្លារ សម្រាប់មនុស្សយន្ដមួយគ្រឿង។
យ៉ាងណាក៏ដោយចុះ មហាសេដ្ឋីរូបនេះ ត្រូវបានគេស្គាល់ថា គឺជាអ្នកបុរសពោរពេញដោយមហិច្ឆតា ប៉ុន្ដែ គេសង្កេតឃើញថា មិនមែនគ្រប់អ្វីដែលគាត់បានលើកឡើងសុទ្ធបានធ្វើឡើងដោយជោគជ័យទាំងអស់នោះទេ។
យ៉ាងណាក៏ដោយចុះ ក្រៅតែពីមានការបង្ហាញពីគោលដៅផលិត និងប្រើប្រាស់មនុស្សយន្ដហើយនោះ លោក Elon Musk ក៏កំពុងចាប់អារម្មណ៍កាន់តែខ្លាំងដែរ ទៅលើបច្ចេកវិទ្យា AI ដោយថ្មីៗនេះ លោកបានធ្វើការស្ទង់មតិមួយ នៅលើបណ្ដាសង្គម Twitter ដោយបានសួរសំណួរទៅកាន់អ្នកតាមដានបណ្ដាញសង្គម Twitter របស់ថា តើលោកគួរតែធ្វើការវិនិយោគ ៥ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុនបង្កើតថ្មីផ្នែក បញ្ញាសិប្បនិម្មិត xAI ឬក៏អត់? ៣ម៉ោងក្រោយមក ក្រោយពីបានផុសការស្ទង់មតិនេះ មានមនុស្សប្រហែលជាង ៣៨ម៉ឺននាក់ បានចូលរួមឆ្លើយ ដោយក្នុងនោះមាន ៧០% បានបោះឆ្នោតឲ្យលោកវិនិយោគ។ ប៉ុន្ដែ គេនៅមិនទាន់ឃើញមានការឆ្លើយតប ឬការសម្រេចចិត្តចុងក្រោយបែបណា ពីសំណាក់លោក Elon Musk ពាក់ព័ន្ធនឹងការស្ទង់មតិនេះនៅឡើយទេ គិតត្រឹមថ្ងៃទី ២៤ ខែកក្កដានេះ៕