ទើបតែទិញបាន Twitter ថ្មីថ្មោង មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក Elon Musk ស្នើឲ្យអ្នកប្រើប្រាស់បង់សេវា ៨ ដុលា្លរក្នុងមួយខែសម្រាប់សញ្ញាធីកពណ៌ខៀវ (Blue Tick) នៅលើបណ្ដាញ Twitter ។
លោក Musk បានបង្ហោះនៅលើគណនីលោកថា “ការបង់ថ្លៃលើសញ្ញាធីកពណ៌ខៀវ (Blue Tick) គឺត្រឹមតែ ៨ ដុល្លារប៉ុណ្ណោះក្នុងមួយខែ ហើយតម្លៃនេះគឺកែសម្រួលទៅតាមប្រទេសសមាមាត្រទាំងអស់ ។ មិនតែប៉ុណ្ណោះ គណនីដែលមាន Blue Tick អាចធ្វើការបង្ហោះជាសម្លេង និងវីដេអូដែលមានរយៈពេលវែងបាន” ។
កាលពីដំបូងឡើយលោក Elon Musk មានគម្រោងតម្រូវឲ្យអ្នកប្រើប្រាស់ត្រូវបង់ ១៩.៩៩ ដុល្លារក្នុងមួយខែ ដើម្បីទទួលបាន ឬរក្សាគណនីដែលបានសញ្ញាធីកពណ៌ខៀវមួយនេះ ។
បច្ចុប្បន្ន Elon Musk មិនទាន់បានរៀបរាប់លម្អិតឡើយពីផែនការពិតប្រាកដសម្រាប់ចក្ខុវិស័យរបស់គាត់ចំពោះ Twitter នៅឡើយទេ ប៉ុន្តែមហាសេដ្ឋីរូបនេះត្រូវបានមើលឃើញថា នឹងបន្ធូរបន្ថយច្បាប់សម្របសម្រួល ក៏ដូចជាកាត់បន្ថយបុគ្គលិកចាស់របស់ក្រុមហ៊ុនជាដើម ៕