Alynana Media Cambodia
Icon Collap
clinic narit

ស្ថានភាពហិរញ្ញវត្ថុកាន់តែស្មុគស្មាញ ក្រោយលោក Elon Musk ចំណាយលុយទិញ Twitter (X)

Admin Alynana | Sep 06, 2023
ស្ថានភាពហិរញ្ញវត្ថុកាន់តែស្មុគស្មាញ ក្រោយលោក Elon Musk ចំណាយលុយទិញ Twitter (X)
Clinic narith

សហរដ្ឋអាម៉េរិក៖ ព្រឹត្តិបត្រ Wall Street Journal បានរាយការណ៍ថា លោកអេឡុនម៉ាស់ (Elon Musk) បានធ្វើការដកប្រាក់កម្ចីចំនួន ១ ពាន់លានដុល្លារអាម៉េរិក ពីក្រុមហ៊ុន SpaceX ជាក្រុមហ៊ុនបច្ចេកវិទ្យារ៉ុក្កែតមានអាយុពីរទសវត្សរ៍ដែលគ្រប់គ្រងដោយមហាសេដ្ឋីរូបនេះ ក្នុងពេលដំណាលគ្នាដែលលោកបានទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារអាម៉េរិក ដែលខណៈនេះ គេស្គាល់ថាជាក្រុមហ៊ុន X ។

ក្រុមហ៊ុន SpaceX បានអនុម័តប្រាក់កម្ចីចំនួន ១ ពាន់លានដុល្លារអាម៉េរិក ដែលមានការគាំទ្រដោយភាគហ៊ុនមួយចំនួនរបស់ក្រុមហ៊ុន SpaceX នៅក្នុងខែតុលា ស្របពេលលោកម៉ាស់ កាន់កាប់ក្រុមហ៊ុន Twitter នាពេលនោះ លោកម៉ាស់ បានទាញទម្លាក់ភាគហ៊ុនទាំងអស់ឱ្យធ្លាក់ចុះនៅក្នុងខែតែមួយ នេះបើយោងតាមរបាយការណ៍ដោយដកស្រង់ចេញពីឯកសារមួយចំនួន ។

របាយការណ៍ដដែលនេះ បានបន្តទៀតថា លោកម៉ាស់ មានកិច្ចព្រមព្រៀងជាមួយធនាគារមួយចំនួន ដើម្បីខ្ចីប្រាក់ស្តារភាគហ៊ុននៅក្នុងក្រុមហ៊ុននានារបស់លោក រួមមានទាំងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ខណៈក្រុមហ៊ុន SpaceX បានដើរតួជាអ្នកផ្តល់ប្រាក់កម្ចីរបស់លោក ដោយរបាយការណ៍បានបន្ថែមថា ការចំណាយលុយសម្រាប់ទិញយកក្រុមហ៊ុន Twitter បានធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់លោកម៉ាស់ កាន់តែមានភាពស្មុគស្មាញ ។

កាលពីឆ្នាំ ២០២២ លោកអេឡុនម៉ាស់ បានលក់ភាគហ៊ុនដ៏ធំនៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ទាំងមុន និងក្រោយកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Twitter ដែលនាំឱ្យការលក់សរុបរបស់លោកមានចំនួនប្រហែល ៤០ ពាន់លានដុល្លារអាម៉េរិក និងធ្វើអោយអ្នកវិនិយោគខកចិត្តខឹងសម្បារជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ។

បញ្ហាយ៉ាងណានោះ ទាំងក្រុមហ៊ុន SpaceX និងក្រុមហ៊ុនបណ្តាញសង្គម X ដែលជាអតីតក្រុមហ៊ុន Twitter មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) នៅឡើយទេ ៕

ប្រភព៖ Reuters