កម្រៃសេវាផ្លូវល្បឿនលឿននឹងបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) រយៈពេល១ឆ្នាំទៀត សម្រាប់អ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ហើយក៏បន្តរក្សាតម្លៃដដែលរយៈពេល ៦ខែទៀត សម្រាប់អ្នកទូទាត់ជាសាច់ប្រាក់សុទ្ធ(MTC)។ នេះបើតាមការផុសផ្សាយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ដើម្បីជាការអបអរសាទរនូវគម្រប់ខួប១ឆ្នាំនៃការបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រុមហ៊ុនផ្លូវល្បឿនលឿនបានសម្រេចបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) ក្នុងរយៈពេលពេញ១ឆ្នាំ ចំពោះអ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ដោយគិតពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
ចំពោះអ្នកប្រើប្រាស់ផ្លូវដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងរក្សាតម្លៃនៅដដែល (បញ្ចុះតម្លៃ២០%) សម្រាប់រយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។
សូមជម្រាបជូនថា ក្នុងរយៈពេល១២ខែកន្លងមកនេះ មានយានយន្តប្រមាណ ៤៦៧៩ពាន់គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនថ្មីនេះ ក្រោយចំណាយពេលជាង ៤០ខែក្នុងការសាងសង់៕