Alynana Media Cambodia
Icon Collap
clinic narit

សហភាពអឺរ៉ុប (EU) គ្រោងវិនិយោគជាង ១០០ពាន់លានអឺរ៉ូស្មើនឹងប្រមាណ១១០ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍវិស័យសឺមីកុងឌុចទ័រ

Admin Alynana | Aug 12, 2023
សហភាពអឺរ៉ុប (EU) គ្រោងវិនិយោគជាង ១០០ពាន់លានអឺរ៉ូស្មើនឹងប្រមាណ១១០ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍវិស័យសឺមីកុងឌុចទ័រ
Clinic narith
 
នៅថ្ងៃទី១០ ខែសីហា សហភាពអឺរ៉ុប (EU) គ្រោងវិនិយោគជាង ១០០ពាន់លានអឺរ៉ូ ឬ ស្មើនឹងប្រមាណ១១០ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍវិស័យសឺមីកុងឌុចទ័រ ដើម្បីកាត់ បន្ថយការពឹងផ្អែកលើការនាំចូល។
 
ខណៈដែលអាម៉េរិក និងចិនកំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមទីផ្សារ នៅក្នុងវិស័យបន្ទះឈីបនេះ អឺរ៉ុបក៏កំពុងវិនិយោគទឹកប្រាក់តម្លៃរាប់ពាន់លានដុល្លារ ដើម្បីតាមឱ្យទាន់ប្រទេសទាំងពីរនេះ។
 
ស្នងការអឺរ៉ុបទទួលបន្ទុកទីផ្សារផ្ទៃក្នុង លោក Thierry Breton បានលើកឡើងថា សហភាពអឺរ៉ុប ( EU) គ្រោងនឹងវិនិយោគជាង ១០០ពាន់លានអឺរ៉ូ (១១០ពាន់លានដុល្លារ) ក្នុងការអភិវឌ្ឍបន្ទះឈីបសឺមីកុងឌុចទ័រ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ 
 
បើតាម​លោក Thierry Breton ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ប្លុក សហភាព​អឺរ៉ុប​ត្រូវ​បង្កើន​ចំណែក​ផលិតកម្ម​ដល់ ​២០ភាគរយ​នៅ​ឆ្នាំ​២០៣០។ នេះបើតាមសារព័ត៌មាន Sputnik។ 
នៅថ្ងៃទី១១ ខែកក្កដាកន្លងមក សភាអឺរ៉ុបបានអនុម័តជាផ្លូវការ នូវផែនការរបស់សហភាពអឺរ៉ុប (EU) ក្នុងការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ផ្ទាល់របស់ប្លុក នៃបន្ទះឈីបសឺមីកុងឌុចទ័រ។ នេះគឺជាគោលដៅយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយការពឹងផ្អែកពីប្រភពផ្គត់ផ្គង់របស់អាស៊ី។
 
ដោយមានសំឡេងគាំទ្រ ៥៨៧ និងប្រឆាំងតែ១០ សភាបានអនុម័តគំនិតផ្តួចផ្តើមហៅថា European Chips Act ។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងបង្កើនចំណែកទីផ្សារសកលរបស់សហភាពអឺរ៉ុប លើបន្ទះឈីបសឺមីកុងឌុចទ័រឱ្យបាន២០ភាគរយនៅឆ្នាំ២០៣០។
 
ដើម្បីសម្រេចបាននូវគោលដៅដ៏ធំនេះ សហភាពអឺរ៉ុបនឹងត្រូវប្រមូលការវិនិយោគសាធារណៈ និងឯកជនដែលមានតម្លៃ ៤៣ពាន់លានអឺរ៉ូ (៤៧ពាន់លានដុល្លារ)។ ច្បាប់នេះក៏អំពាវនាវឱ្យ EU ចំណាយថវិកាចំនួន ៣,៣ពាន់លានអឺរ៉ូ ដើម្បីសម្រេចបាននូវគោលដៅនេះក៏ដូចជាពង្រឹងការស្រាវជ្រាវ និងការអភិវឌ្ឍបន្ថែម។
 
ទន្ទឹមនេះ រដ្ឋជាសមាជិកក៏នឹងធ្វើការរួមគ្នាដើម្បីលទ្ធភាពផលិតនិងផ្គត់ផ្គង់ដោយខ្លួនឯងដែលត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ ​បន្ទាប់​ពី​តម្លៃ​អាហារ​និង​ថាមពល​កើនឡើង​ដោយសារ​ជម្លោះ​រុស្ស៊ី​និង​អ៊ុយក្រែន ។
 
លើសពីនេះ នៅក្នុងបរិបទនៃសកលភាវូបនីយកម្ម និងការកើនឡើងនៃផលិតកម្មអាស៊ី សកម្មភាពរបស់អឺរ៉ុបក្នុងវិស័យនេះបានថយចុះបន្តិចម្តងៗក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ៕