(ហាណូយ)៖ ក្រុមមន្រ្តីការទូតវៀតណាមបានឱ្យដឹងថា ខាងក្រសួងការបរទេសវៀតណាម បានប្រាប់ទៅកាន់សហភាពអឺរ៉ុប (EU) ថា ខ្លួនមិនអាចរៀបចំកិច្ចប្រជុំនាសប្តាហ៍ក្រោយ ជាមួយមន្រ្តីកំពូលរបស់ EU ដែលទទួលបន្ទុកកិច្ចការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៉ីឡើយ ស្របពេលដែលទីក្រុងហាណូយ កំពុងត្រៀមលក្ខណៈចំពោះ លទ្ធភាពនៃការបំពេញទស្សនកិច្ច ពីសំណាក់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤។
វៀតណាមកំពុងព្យាយាមដើរគោលនយោបាយការបរទេសមួយ ដែលអព្យាក្រឹត នៅក្នុងទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសមហាអំណាច។ តួយ៉ាង វៀតណាមមិនបានចូលរួមថ្កោលទោស ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែនឡើយ។ ប្រភពមួយដែលទីភ្នាក់ងារ Reuters ទទួលបាន បានឱ្យដឹងថា ប្រសិតពិសេសទទួលបន្ទុកការអនុវត្តទណ្ឌកម្មរបស់ EU គឺលោក David O'Sullivan នឹងធ្វើដំណើរមកកាន់អាស៉ីអាគ្នេយ៍ នាសប្តាហ៍ក្រោយនេះ ហើយបានគ្រោងជួបក្រុមមន្រ្តីវៀតណាម នៅថ្ងៃទី១៣-១៤ ខែឧសភា ប៉ុន្តែទីក្រុងហាណូយ បានស្នើសុំពន្យារពេលជំនួបនោះ ក្រោមហេតុផលថា ថ្នាក់ដឹកនាំវៀតណាម មានភាពមមាញឹកខ្លាំង ដោយមិនអាចឆ្លៀតជួបរូបលោកបានឡើយ។
ប្រភពការទូត៣ផ្សេងទៀត ក៏បានទទួលស្គាល់ដូចគ្នា អំពីការពន្យារពេលនេះដែរ ក្នុងនោះម្នាក់បានបង្ហើបថា វៀតណាមបានស្នើលើកពេលជួបគ្នា ទៅកាន់ខែកក្កដា។ ចំណែកប្រភព២នាក់ទៀត បាននិយាយថា ការពន្យារពេលទទួលជួបមន្រ្តីជាន់ខ្ពស់ EU នេះ គឺជាប់ពាក់ព័ន្ធទៅនឹង ការត្រៀមរៀបចំចំពោះលទ្ធភាព នៃការបំពេញទស្សនកិច្ចពីសំណាក់លោក ពូទីន មកកាន់ប្រទេសវៀតណាម ដែលអាចនឹងរងផលប៉ះពាល់មិនល្អ ប្រសិនបើមានការធ្វើទស្សនកិច្ចមុនដោយមន្រ្តី EU រូបនោះ។
រយៈពេលជាច្រើនខែមកនេះ ថ្នាក់ដឹកនាំវៀតណាម ត្រូវគេដឹងថា បានអញ្ជើញលោក ពូទីន ម្តងហើយម្តងទៀត ឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសពួកគេ ចាប់តាំងតែពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលវៀតណាមមិនមែនជាសមាជិក បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លោកប្រធានាធិបតីរុស្ស៉ី កាលពីខែមីនា ឆ្នាំ២០២៣ ក្រោមការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ បើតាមប្រភពផ្សព្វផ្សាយវៀតណាម កាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំវៀតណាម លោក Bezdetko Gennady Stepanovich បាននិយាយថា លោក ពូទីន បានទទួលយកការអញ្ជើញហើយ ខណៈកាលបរិច្ឆេទជាក់លាក់ សម្រាប់ដំណើរទស្សនកិច្ច នឹងត្រូវសម្រេចជ្រើសរើស នៅក្រោយពិធីស្បថចូលកាន់តំណែងរបស់លោក ពូទីន សម្រាប់អាណត្តិទី៥ ដែលត្រូវបានប្រារព្ធឡើង កាលពីថ្ងៃទី៧ ខែឧសភា។ លើកចុងក្រោយបង្អស់ ដែលលោក ពូទីន បានធ្វើទស្សនកិច្ចមកកាន់ប្រទេសវៀតណាម គឺកាលពីឆ្នាំ២០១៧។
គួរបញ្ជាក់ថា សហភាពអឹរ៉ុប ដាក់ទណ្ឌកម្មចម្រុះជាច្រើន ប្រឆាំងទីក្រុងមូស្គូ ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ ភារកិច្ចចម្បងរបស់លោក O'Sullivan គឺធ្វើយ៉ាងណាធានាថា ប្រទេសដទៃមិនលួចជួយរុស្ស៉ី ឬប្រទេសជាប់ទណ្ឌកម្មដទៃទៀត ដើម្បីគេចវេះទណ្ឌកម្មរបស់ EU ឡើយ ដូចជាតាមរយៈការផ្គត់ផ្គង់ ឱ្យទីក្រុងមូស្គូ នូវទំនិញប្រើប្រាស់បានច្រើនគោលដៅ ដែលអាចប្រើក្នុងសង្រ្គាមអ៊ុយក្រែន ជាដើម។ យ៉ាងណាមិញ មកទល់ពេលនេះ មិនមានភស្តុតាងដែលឱ្យតំរុយថា វៀតណាមបានផ្តល់ជំនួយក្នុងទម្រង់ណាមួយដល់រុស្ស៉ីឡើយ សម្រាប់ជម្លោះអ៊ុយក្រែន៕