កាលពីចុងខែសីហាឆ្នាំ២០២៣កន្លងទៅនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande ដែលជាក្រុមហ៊ុនអចលទ្រព្យធំបំផុតទី២របស់ចិនបានធ្លាក់ថ្លៃប្រមាណ៩០%បន្ទាប់ពីក្រុមហ៊ុនចេញរបាយការណ៍បង្ហាញថារកស៊ីខាតប្រមាណជាង៤ពាន់លានដុល្លារក្នុងរយៈពេល៦ខែនៃឆ្នាំ២០២៣។ យ៉ាងណាមិញនៅថ្ងៃនេះភាគហ៊ុនរបស់ក្រុមហ៊ុនមួយនេះបានឡើងថ្លៃវិញជាង៦០%។
បើយោងតាមការចុះផ្សាយរបស់ CNBC បានឲ្យដឹងថាភាគហ៊ុនរបស់ក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យអលនទ្រព្យបានកើនឡើងក្នុងរយៈពេលចុងក្រោយនេះនៅលើសន្ទស្សន៍ផ្សារហ៊ុន Hang Seng Index នៃផ្សារហ៊ុនរបស់ហុងកុង។
នៅក្នុងនោះដែរគេសង្កេតឃើញថាភាគហ៊ុនក្រុមហ៊ុនអចលទ្រព្យធំៗរបស់ចិនមានដូចជា Country Garden Holding, Logan Group បានឡើងថ្លៃ ២៦%និង២៨% រៀងគ្នា ខណៈសន្ទស្សន៍ភាគហ៊ុននៃអចលនទ្រព្យបានកើនឡើងចំនួន៤%។
ភាគហ៊ុនរបស់ Evergrande និងភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យផ្សេងទៀតបានឡើងថ្លៃព្រោងព្រាតបន្ទាប់ពីរបាការណ៍បង្ហាញថាក្រុមហ៊ុន Country Garden ដែលកាលពីពេលថ្មីៗនេះលេចដំណឹងថាគ្មានលទ្ធភាពសងបំណុល ពេលនេះអាចបង់សងបំណុលរបស់ខ្លួនប្រមាណ២២.៥លានដុល្លារដែលជាបំណុលនៃអត្រាគូប៉ុងប័ណ្ណបំណុល ដែលធ្វើឲ្យក្រុមហ៊ុននេះចៀសផុតពីបញ្ហាគ្មានលទ្ធភាពសងបំណុលនិងចៀសផុតពីវិបត្តិហិរញ្ញវត្ថុ។
គួរបញ្ជាក់ផងដែរក្រុមហ៊ុន Evergrande បានជួបវិបត្តិអស់លទ្ធភាពសងបំណុលតាំងពីឆ្នាំ២០២១។ កាលពីពេលថ្មីៗនេះក្រុមហ៊ុនដាក់ពាក្យស្នើសុំការពារពីការក្ស័យធនជំពូកទី១៥ទៅកាន់តុលាការអាមេរិកខណៈបំណុលរបស់ខ្លួនឡើងដល់ជាង៣០០ពាន់លានដុល្លារជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលបំណុលជាប់ខ្លួនច្រើនបំផុតក្នុងលោក៕