ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ថៃ គ្រោងធ្វើការស្នើសុំទៅកាន់តុលាការព្រហ្មទណ្ឌ ដើម្បីបិទ Facebook នៅក្នុងប្រទេសថៃ ដោយចោទប្រកាន់ថាវេទិកាបណ្ដាញសង្គមមួយនេះ ជាអ្នកសមគំនិតជាមួយអ្នកបោកប្រាស់នៅក្នុងការបោកបញ្ឆោតមនុស្សជាច្រើនឱ្យវិនិយោគលុយជាមួយពួកគេ។
យោងតាមការចុះផ្សាយរបស់ Bangkok Post បានឱ្យដឹងថា ក្រសួងបានធ្វើការចោទប្រកាន់ដោយយោងតាមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ ដើម្បីដាក់បន្ទុកទៅលើពួកជនបោកប្រាស់ និងកម្មវិធីហ្វេសប៊ុក។ ក្រសួងសេដ្ឋកិច្ច និងភ្នាក់ងារពាក់ព័ន្ធរបស់ថៃធ្លាប់បានស្នើសុំឱ្យ Facebook សហការក្នុងការជួយត្រួតពិនិត្យការក្លែងបន្លំតាមរយៈ ការប្រើប្រាស់ Advertises (ផ្សព្វផ្សាយពាណិជ្ជកម្ម) របស់ជនបោកប្រាស់ ប៉ុន្តែច្រើនឆ្នាំហើយមិនឃើញក្រុមហ៊ុន Facebook អើពើទាល់តែសោះ។
ជាក់ស្ដែងការប្រើប្រាស់ Advertises នៅលើហ្វេសប៊ុក បានជួយឱ្យជនខិលខូចទាំងអស់នោះ បញ្ជូនព័ត៌មានបោកប្រាស់ទៅដល់អតិថិជនគោលដៅបានលឿន ព្រមទាំងបោកបញ្ឆោតមនុស្សបានច្រើនខ្លាំង។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ថៃ លោក Chaiwut Thanakamanusorn បានលើកឡើងថា «ក្នុងចំណោមការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេតទាំងអស់នៅក្នុងប្រទេសថៃ មានប្រហែល ៧០% កើតឡើងនៅលើហ្វេសប៊ុក»។
សព្វថ្ងៃនេះនៅថៃមានពាក្យបណ្ដឹងប្រហែល ៣០ម៉ឺនបណ្ដឹង ត្រូវបានគេដាក់នៅតុលាការព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ស្ដីពីការក្លែងបន្លំតាមប្រព័ន្ធអ៊ីនធឺណេត។ ជនខិលខូចមួយចំនួនថែមទាំងបានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើហ្វេសប៊ុក អំពីគម្រោងវិនិយោគបោកប្រាស់របស់ខ្លួនដោយប្រើប្រាស់នូវ និមិត្តសញ្ញាផ្សារហ៊ុនថៃ និងឈ្មោះក្រុមហ៊ុនចុះបញ្ជី ដើម្បីទាក់ទាញអ្នកវិនិយោគ។
លោក Chaiwut បានបញ្ជាក់ថា «រឿងនេះវាគួរតែជាទំនួលខុសត្រូវរបស់ ហ្វេសប៊ុក ក្នុងការពង្រឹងប្រព័ន្ធត្រយតពិនិត្យរបស់ខ្លួន ដើម្បីជួយលុបបំបាត់ការក្លែងបន្លំ ដែលជនខិលខូចព្យាយាមប្រើប្រាស់សេវាផ្សព្វផ្សាយពាណិជ្ជកម្មនៅលើវេទិការបស់ ហ្វេសប៊ុក»។
យ៉ាងណាមិញ លោក Pre Dumrongmongcolgul ជានាយកនៃក្រុមហ៊ុន Meta ប្រចាំប្រទេសថៃ ធ្លាប់បាននិយាយថា «ក្រុមហ៊ុន Meta ដែលជាមេរបស់ Facebook បានទទួលស្គាល់ពីការកើនលើងនៃការបោកប្រាស់នៅក្នុងប្រទេសថៃ ហើយក្រុមហ៊ុនបានប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីចាប់ពួកឆបោកទាំងនោះ ហើយចាត់វិនិធានការភ្លាមៗពេលរកឃើញ»។
ប៉ុន្តែទោះជាយ៉ាងណា លោក Chaiwut បានតតាំងថា សកម្មភាពចូលរួមរបស់ក្រុមហ៊ុន Meta ចំពោះរឿងនេះនៅតែមិនគ្រប់គ្រាន់ ព្រោះអ្នកបោកប្រាស់ទាំងនោះនៅតែបន្តវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងបន្តបោកប្រាស់ប្រជាជនថៃឥតឈប់ឈរឡើយ។
គួរជម្រាបផងដែរថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ថៃ បានអញ្ជើញតំណាងក្រុមហ៊ុន Facebook ឱ្យចូលរួមក្នុងកិច្ចពិភាក្សា ប៉ុន្តែក្រុមហ៊ុនមិនបានចាត់តាំងតំណាងឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះតាមការស្នើសុំឡើយ៕