ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia បានវាយតម្លៃថា ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា បានបង្ហាញពីនិន្នាការកើនឡើងជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ក្រោយអ្នកប្រើប្រាស់កាន់តែមានការយល់ដឹងពីបញ្ហាសុវត្ថិភាព ការសន្សំសំចៃនិងអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តថ្មី។ ជាមួយគ្នានេះការលក់រថយន្តថ្មីម៉ាកហ្វតរបស់ក្រុមហ៊ុន RMA បានរួមចំណែកទីផ្សារជាង៣០% នៃការលក់រថយន្តថ្មីសរុបនៅក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៤ នេះ។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់ថា ទីផ្សារលក់រថយន្តនៅកម្ពុជា ជារួមក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៤ មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាក៏ដោយលោកកត់សម្គាល់ឃើញថា ទីផ្សារលក់រថយន្តថ្មី ហាក់មាននិន្នាការកើនឡើងជាងរថយន្តជជុះ ពោលគឺការលក់រថយន្តថ្មី បានកើនដល់ប្រមាណ៥២% នៃទីផ្សារលក់រថយន្តសរុបនៅក្នុងរយៈពេល៩ខែឆ្នាំនេះ ខណៈកាលពីឆ្នាំមុនបានរួមចំណែកប្រមាណ៤៨%ប៉ុណ្ណោះ។ ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា មានសម្ទុះកើនឡើងជាបន្តបន្ទាប់នេះ ត្រូវបានអគ្គនាយកក្រុមហ៊ុន RMA Cambodia រូបនេះវាយតម្លៃថា គឺដោយសារអ្នកប្រើប្រាស់រថយន្តបច្ចុប្បន្នមានការយល់ដឹងច្រើនពីអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តថ្មី ពិសេសការគិតគូខ្ពស់លើសុវត្ថិភាព គួបផ្សំតម្លៃរថយន្តថ្មីបច្ចុប្បន្នហាក់មិនសូវខុសគ្នាពីតម្លៃរថយន្តជជុះ។
ជាមួយគ្នានេះ លោក ងន សាំង បានឱ្យដឹងដែរថា សម្រាប់ទីផ្សារលក់រថយន្តហ្វត ដែលផលិតនៅក្នុងស្រុក របស់ក្រុមហ៊ុន RMA Cambodia វិញ គឺនៅតែទទួលបានរួមចំណែកខ្ពស់ក្នុងចំណោមទីផ្សារលក់រថយន្តថ្មីសរុបនៅ៩ខែឆ្នាំនេះ ដោយបានក្តោបចំណែកទីផ្សារប្រមាណ៣២%។
បើតាមលោក ងន សាំង នៅពេញមួយឆ្នាំ២០២៤នេះ រោងចក្រផ្គុំ និងដំឡើងរថយន្តហ្វតនៅខេត្តពោធិ៍សាត់ បានដាក់គោលដៅដំឡើងរថយន្តហ្វត ឱ្យបានប្រមាណ៤ពាន់គ្រឿង ហើយគិតមកទល់ពេលនេះ គឺសម្រេចបានជិតគ្រប់តាមផែនការហើយ។
គួរបញ្ជាក់ថា រោងចក្រផ្គុំ និងដំឡើងរថយន្ត Ford តម្លៃជាង២០លានដុល្លារ នៅខេត្តពោធិ៍សាត់ បាន សម្ពោធដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ រោងចក្រនេះមានសមត្ថភាពអាចផ្គុំ និងដំឡើងរថយន្តបានប្រមាណ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ បើផលិតពេញសមត្ថភាព និងអាចស្រូបទាញកម្លាំងពលកម្មបានប្រមាណ៥០០នាក់ សម្រាប់ដំណើរការខ្សែច្រវាក់ផលិតកម្ម៕