ភ្នំពេញ: ក្រុមហ៊ុន RMA (Cambodia) Plc ដែលជាអ្នកចែកចាយផ្តាច់មុខនៃរថយន្ត Ford មានផែនការនឹងធ្វើការពង្រីកការដំឡើងប្រភេទរថយន្តម៉ូដែល Ford របស់ខ្លួនមួយចំនួនទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៅកម្ពុជា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់កម្ពុជា។
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣ នៅពេលដែលលោកបានចុះទៅខេត្តពោធិ៍សាត់បានលើកឡើងថាដោយមើលឃើញពីឱកាសនៃការពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ក្រុមហ៊ុនផលិតរថយន្ត Ford របស់សហរដ្ឋអាមេរិកមានផែនការបោះទុនបន្ថែមក្នុងការពង្រីកការដំឡើងម៉ូដែលថ្មីៗទៀត។
លោកបានថ្លែងថា៖ «ថ្មីៗនេះក្នុងជំនួបជាមួយម្ចាស់ក្រុមហ៊ុន គឺក្រុមហ៊ុនផលិតរថយន្ត Ford របស់អាមេរិក គ្រោងនឹងបន្ថែមទុនវិនិយោគក្នុងការបង្គុំ និងដំឡើង រថយន្ត Ford ម៉ូដែល Territory បន្ថែមទៀត ខណៈដែលម៉ូដែល Ranger និង Everest កំពុងដំណើរខ្សែចង្វាក់ ដើម្បីបំពេញតម្រូវការរបស់អតិថិជន»។
ក្រុមហ៊ុន RMA បានដាក់ឱ្យដំណើរការជាផ្លូវការនៃរោងចក្រដំឡើងរថយន្តថ្មីម៉ាក FORD ដែលមានទឹកប្រាក់វិនិយោគចំនួន ២១ លានដុល្លារនៅខេត្តពោធិ៍សាត់កាលពីថ្ងៃព្រហស្បតិ៍ទី ១៦ ខែឧសភា ឆ្នាំ ២០២២ កន្លងមកនេះ។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA ដែលពុំអាចសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃទី ១៣ ខែមិថុនា បានថ្លែងក្នុងពិធីដាក់ឱ្យដំណើរការរោងចក្រ Ford កន្លងមកថា តាមរយៈកំណើនសេដ្ឋកិច្ច និងកម្រិត GDP របស់ប្រជាជនកម្ពុជាកើនឡើងខ្ពស់ជាបន្តបន្ទាប់ បានធ្វើឱ្យងាកមក ប្រើប្រាស់រថយន្តថ្មីមានការកើនឡើងជាលំដាប់។
លោកថា ការប្រើប្រាស់រថយន្តថ្មីម៉ាក FORD មានកំណើនកាន់តែច្រើនឡើង និងបានក្លាយជាជម្រើសឈានមុខគេរបស់អតិថិជននៅកម្ពុជា។ ដូច្នេះ ក្រុមហ៊ុនបានសម្រេចចិត្តបង្កើតរោងចក្រដំឡើងរថយន្ត FORD ដែលទទួលបានសិទ្ធិពេញលេញក្នុងការផ្គុំ និងដំឡើងរថយន្តពីក្រុមហ៊ុនម្ចាស់ដើម Ford Motor Company។ រោងចក្រនេះនឹងដំឡើងរថយន្ត Ford Ranger ជំនាន់ថ្មី និង Ford Everest។
លោកបានថ្លែងថា៖ «យើងជឿជាក់យ៉ាងមុតមាំថា រោងចក្រដំឡើងរថយន្ត FORD នេះ នឹងចូលរួមចំណែកអភិវឌ្ឍវិស័យឧស្សាហកម្មយានយន្ត និងជំរុញសេដ្ឋកិច្ចតាមរយៈការបង្កើនចង្វាក់ផលិតកម្មក្នុងស្រុក ស្របតាមស្តង់ដាអន្តរជាតិ»។
លោក Kevin Whitcraft ប្រធានក្រុមប្រឹក្សាភិបាល បានឱ្យដឹងថា ក្នុងអំឡុងត្រីមាសទី ១ ឆ្នាំ ២០២៣ RMACបានផ្ដល់ការលក់ដ៏រឹងមាំ ដែលមានការកើនឡើងជាង ៤៦ ភាគរយ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ ២០២២។
ប្រាក់ចំណេញសុទ្ធប្រចាំត្រីមាស បានកើនឡើង +៤៤ ភាគរយ។បើយោងតាមរបាយការណ៍ ហិរញ្ញវត្ថុរបស់ RMA ទីផ្សាររថយន្តកម្ពុជានៅឆ្នាំ ២០២២បានកើនឡើង ២ ៦ភាគរយបើធៀបទៅនឹងឆ្នាំ ២០២១ ដែលមានចំនួនប្រហែល ៧១ ០០០ គ្រឿងទាំងថ្មី និងប្រើហើយបានលក់ និងចុះបញ្ជីធៀបនឹង ៥៧ ០០០ គ្រឿង កាលពីឆ្នាំ ២០២១ កន្លងមកនេះ៕